ដោយសារតែភាពក្រីក្រ គ្មានចំណេះដឹង គ្មានមុខរបរពិតប្រាកដ ហើយគ្រួសារមានអំពើហិង្សា បានជំរុញឲ្យស្ត្រីមួយរូបចាកចេញពីស្រុកកំណើតមករស់នៅជាមួយ ប្ដីក្នុងខេត្តសៀមរាប ហើយក្រោយមកបានក្លាយជាស្ត្រីមេម៉ាយដោយប្ដីបោះបង់ផងនោះ ទីបំផុតបានសម្រេចចិត្តធ្វើជាអ្នករកស៊ីផ្លូវភេទដោយគ្មាន ជម្រើស បើទោះជាការងារនេះជួបការលំបាកដោយសារការរើសអើងពីបងប្អូនមិត្ត ភក្ដិនិង អ្នកជិតខាងក៏ដោយ។ ឥឡូវនេះនាងបានក្លាយទៅជាស្ត្រីអប់រំស្ត្រីរកស៊ីផ្លូវភេទ ដូចគ្នា។
នៅកម្ពុជា គេសង្កេតឃើញថា ស្ត្រីរកស៊ីផ្លូវភេទគឺភាគច្រើន ដោយសារតែពួកគាត់ជាអ្នកក្រីក្រ គ្មានចំណេះដឹង គ្មានមុខរបរច្បាស់លាស់ គ្រួសារមានអំពើហិង្សា និងគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះហើយការប្រកបមុខរបរបែបនេះ គឺជាជម្រើសចុងក្រោយរបស់ពួកគាត់ដើម្បីបានប្រាក់ចិញ្ចឹមជីវិត និងជាពិសេសជួយផ្គត់ផ្គង់ក្រុមគ្រួសារដែលពឹងពាក់ទៅលើមុខរបរនេះ។
នាង កុលាប (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) បច្ចុប្បន្នមានអាយុ ២៨ ឆ្នាំមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយបានមកប្រកបមុខរបរជាស្ត្រីរកស៊ីផ្លូវភេទនៅក្នុងខេត្ត សៀមរាបអស់រយៈពេល ៨ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះ តែជាសំណាងល្អនាងមិនមានផ្ទុកមេរោគអេដស៍ទេ។
នាង កុលាប បាននិយាយដោយទឹកមុខក្រៀមក្រំថា ដោយសារតែគ្រួសារជួបបញ្ហាខ្វះខាតខាងជីវភាពនោះ គឺឪពុកម្ដាយរបស់នាងខ្ញុំជារឿយៗ តែងតែឈ្លោះទាស់ទែងគ្នា ហើយក្រោយមកពួកគាត់បានបែកបាក់គ្នាតាំងតែពីអាយុ ៨ឆ្នាំ មកម្ល៉េះ។
នាងកុលាប និយាយអំពីជីវិតដ៏គ្រោតគ្រាតដែលចាកចេញពីស្រុកកំណើតមករស់នៅ ស្រុករបស់ប្ដី ហើយបណ្ដាលឲ្យនាងក្លាយទៅជាស្ត្រីប្រកបរបរជាអ្នករកស៊ីផ្លូវភេទ រហូតមកដល់សព្វថ្ងៃនេះ។ នាងបានឲ្យដឹងថា គឺដោយសារតែគ្រួសាររបស់នាងខ្ញុំក្រីក្រពេក ហើយមានសមាជិកគ្រួសាររហូតដល់ទៅ ១៤នាក់ ដែលមានស្រីតែខ្ញុំម្នាក់គត់ ក្រៅពីនេះបងប្អូនខ្ញុំសុទ្ធតែប្រុស ខ្ញុំជាកូនទី១០ ហើយជាពិសេសខ្ញុំត្រូវប្ដីបោះបង់ចោលដោយទៅមានស្រីថ្មីទៀត។
នាងបានរៀបរាប់ពីប្រវត្តិជីវិតដ៏លំបាកកាលពីគ្រាដើមថា កាលពីខ្ញុំអាយុ ១៨ឆ្នាំ ខ្ញុំធ្លាប់មានប្ដីដោយមិនបានរៀបការព្រមទាំងមានកូនពីរនាក់ តែស្លាប់មួយទៅហើយ ដែលកាលរស់នៅជាមួយប្ដីរបស់ខ្ញុំតែងធ្វើបាបខ្ញុំខ្លាំងណាស់។
នាងឲ្យដឹងទៀតថា ការជួបគ្នាដំបូងជាមួយប្ដីខ្ញុំគឺកាលណោះប្ដីរបស់ខ្ញុំធ្វើជា កម្មករសំណង់នៅខេត្តបាត់ដំបង តែស្រុកកំណើតរបស់គាត់នៅខេត្តសៀមរាបពួកយើងបានស្រឡាញ់គ្នា ហើយបានពង្រត់គ្នាមករស់នៅក្នុងខេត្តសៀមរាប ដែលជាស្រុកកំណើតរបស់គាត់(ប្ដី) លុះក្រោយមក ពេលពួកយើងបានកូនពីរនាក់ គឺពេលនោះប្ដីរបស់ខ្ញុំតែងតែវាយធ្វើបាបរហូតដល់បែកបាក់គ្នានៅ ក្នុងឆ្នាំ២០០០ ហើយក្រោយមកប្ដីរបស់ខ្ញុំមានប្រពន្ធថ្មីមួយទៀត។
ក្រោយពីលែងលះជាមួយប្ដីកាលពីដើមខែធ្វើឲ្យខ្ញុំជួបការលំបាក ទាំងផ្លូវចិត្ត និងផ្លូវកាយខ្លាំងណាស់ ព្រោះគ្មានញាតិសន្ដាន គ្មានទីពឹង គ្មានផ្ទះសម្បែង គ្មានប្រាក់ គឺជួលផ្ទះគេនៅ និងរស់នៅតែលតោលម្នាក់ឯងគត់ និងគ្មានមុខរបរ ទើបខ្ញុំចាប់ផ្ដើមប្រកបមុខរបរជាស្ត្រីរកស៊ីផ្លូវភេទនេះនៅចុង ខែដដែលនេះតែម្ដង ហើយបានបន្តរហូតមក។
កុលាប បាននិយាយទៀតថា ក្នុងការប្រកបរបរជាស្ត្រីរកស៊ីផ្លូវភេទនៅក្នុងខេត្តសៀមរាប រហូតមកដល់សព្វថ្ងៃនេះ មានរយៈពេល ៨ឆ្នាំមកហើយ ខ្ញុំនៅតែគ្មានផ្ទះសម្បែងផ្ទាល់ខ្លួនស្នាក់នៅទេ គ្មានទីពឹងទីពំនាក់ ហើយបើត្រឡប់ទៅស្រុកកំណើតវិញគឺខ្មាសញាតិមិត្តបងប្អូន ហើយម៉្យាងទៀតខ្ញុំមិនដែលបានរៀនសូត្រអ្វីនឹងគេទេ និងគ្មានចំណេះដឹង គ្មានការងារទើបខ្ញុំសម្រេចចិត្តបន្តប្រកបរបរជាស្ត្រីរកស៊ី ផ្លូវភេទព្រោះគ្មានជម្រើសអ្វីក្រៅពីរបរមួយនេះទេ ដោយខ្ញុំបានជ្រើសរើសយកមុខរបរនេះតាំងពីដំបូងដោយការស្ម័គ្រ ចិត្ត និងគ្មានការបង្ខិតបង្ខំពីអ្នកណាឡើយ។
នាងខ្ញុំចាប់ផ្ដើមប្រកបរបរនេះជាដំបូងនៅក្នុងខេត្តសៀមរាប ជាស្ត្រីបម្រើការក្នុងហាងខារ៉ាអូខេនៅភូមិមណ្ឌល ៣ ក្រុងសៀមរាប ក្នុងខេត្តសៀមរាបហើយក្រោយមកទៀតដោយមុខរបរជាស្រីខារ៉ាអូខេចាយ មិនគ្រាន់ ទើបខ្ញុំប្ដូរមុខរបរទៅជាស្ត្រីរកស៊ីផ្លូវភេទរហូតមកដល់ សព្វថ្ងៃនេះអាចរកប្រាក់បានគ្រាន់បើ។
ស្ត្រីរកស៊ីផ្លូវភេទមួយចំនួនតែងតែនិយាយថា ការប្រកបមុខរបរជាស្ត្រីរកស៊ីផ្លូវភេទ ភាគច្រើនពួកគាត់ជួបការលំបាកច្រើនទាំងផ្លូវចិត្ត និងផ្លូវកាយដោយសារតែការរើសអើងពីបងប្អូន អ្នកជិតខាង និងជាពិសេសទៅទៀតនោះ គឺទទួលរងនូវការធ្វើបាប ដោយការគំរាមកំហែងពីភ្ញៀវ និងប៉ូលីស ជាដើម។
នាង កុលាប បានរៀបរាប់អំពីជីវិតដ៏លំបាកក្នុងនាមជាស្ដ្រីរកស៊ីផ្លូវភេទ នេះថា មានពេលខ្លះភ្ញៀវធ្វើបាបដោយរំលោភបូកគ្នារហូតពី ៨ ទៅ១០នាក់ក៏មានដែរ ដែលដំបូងគេប្រាប់ថា យកយើងទៅដេកតែម្នាក់ប៉ុណ្ណោះ ហើយក្រោយពីរំលោភរួមគ្នារួច ហើយនោះ គេថែមទាំងមិនឲ្យប្រាក់ទៀតផង ដោយទុកខ្ញុំចោលតែម្ដង។ នៅក្នុងពេលប្រកបមុខរបរនេះកាលពីមុនខ្ញុំទទួលភ្ញៀវក្នុងមួយ ថ្ងៃមានរហូតដល់ទៅ ១០នាក់ឯណោះដែលក្នុងម្នាក់ខ្ញុំទទួលបានប្រាក់ពីរម៉ឺនរៀល សម្រាប់ដេកតែមួយភ្លែត ហើយបើដេកមួយយប់បានប្រាក់ពីបីម៉ឺនទៅបួនម៉ឺនរៀល។
សព្វថ្ងៃដោយសារតែមានការងារធ្វើជាមេបណ្ដាញស្ត្រីរួបរួមគ្នា និងទទួលបានប្រាក់ខែខ្លះហើយនោះបានធ្វើឲ្យនាង កុលាប បានធ្វើការកាត់បន្ថយការប្រកបមុខរបរនេះ។
ទាក់ទងនឹងបញ្ហានេះ នាង កុលាប បានឲ្យដឹងថា សព្វថ្ងៃនេះខ្ញុំបានកាត់បន្ថយការប្រកបមុខរបរនេះខ្លះហើយ ដោយសារតែខ្ញុំបានធ្វើមេបណ្ដាញរបស់បណ្ដាញស្ត្រីរួបរួមគ្នា ប្រចាំនៅមណ្ឌល ៣ក្នុងខេត្តសៀមរាប ដោយទទួលបានប្រាក់ខែអាចជួយផ្គត់ផ្គង់ជីវភាពបានខ្លះ ដែលការងារនេះគឺជួយអប់រំដល់ស្ត្រីខ្មែរដែលរកស៊ីផ្លូវភេទដូចគ្នា ព្រមទាំងជួយចែកស្រោមអនាម័យដល់ស្ត្រី ជាដើម៕