Showing posts with label Khmer History. Show all posts
Showing posts with label Khmer History. Show all posts

Sunday, June 1, 2008

ព្រះបាទយសោវរ្ម័នទី១

ព្រះបាទយសោវរ្ម័នទី១

ព្រះបាទយសោវរ្ម័នទី១ជាស្ថាបនិកទី១កសាងរាជធានីនៅតំបន់អង្គរ។ នៅពេលព្រះបាទយសោវរ្ម័នទី១ឡើងគ្រងរាជ្យសម្បត្តិភ្លាម មានផ្ទុះសង្គ្រាមជាញឹកញាប់ទាំង​ក្នុង​ និងក្រៅប្រទេសប៉ុន្តែត្រូវបានព្រះអង្គធ្វើការបង្ក្រាបអោយបរាជ័យជាបន្តបន្ទាប់។ ក្រោយពីទទួលបានជ័យជំនះព្រះអង្គ បានធ្វើការកសាងប្រទេសជាតិ ពង្រីកទឹកដីអោយធំទូលាយ​ កសាង​ប្រាង្គប្រាសាទ និងរាជធានីនៅលើភ្នំបាខែងមុនគេបង្អស់នៅតំបន់អង្គរ។ កេរដំណែល​របស់​ ព្រះអង្គមិនត្រឹម តែមានប្រយោជន៍សំរាប់ប្រជាពលរដ្ឋខ្មែរ នៅសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែបាន​ប្រែក្លាយជាមរតកដ៏មានតំលៃសំរាប់កូនចៅខ្មែរគ្រប់ជំនាន់ ក្នុងការរួមចំណែក​អភិវឌ្ឍសង្គម​ជាតិទាំងផ្នែកវប្បធម៌ កសិកម្ម និងទេសចរណ៍។

យោងតាមឯកសារប្រវត្តិ និងសិលាចារិកនានាបានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ឡើង​​គ្រង​រាជ្យសម្បត្តិនៅគស ៨៨៩ ដល់ ៩០០ នៅទីក្រុងហរិហល័យ បន្តពីព្រះបាទឥន្ទ្រវរ្ម័នទី១ជាព្រះ ​បិតា។ ព្រះអង្គជាក្សត្រមួយអង្គដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើចំបាំង ទាំងលើដី លើទឹក រៀបចំកសាងប្រទេសជាតិ និងទំនុកបំរុងសាសនាអោយមានការរីកចំរើនយ៉ាងខ្លាំង ដោយមាន​កសាងប្រាសាទ និងអាស្រមសំរាប់គោរពបូជាយ៉ាងសន្ធឹកសន្ធាប់។តាមឯកសារ​ ប្រវត្តិសាស្ត្រ​ខ្មែររបស់លោក រស់ចន្រ្តាបុត្រ បានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ធ្លាប់ធ្វើសង្គ្រាមឈ្នះទាំង​លើដីគោក ទាំងលើសមុទ្របំផ្លាញទូកសំពៅ សត្រូវអស់ជាច្រើនគ្រឿង ជាពិសេសព្រះអង្គច្បាំង​ តទល់នឹងនគរចម្ប៉ាដេញតាមវាយប្រហារទ័ពចាមចូលដល់ទីក្រុង ដោយចាប់ស្តេចចាមជា​ឈ្លើយ។បន្ទាប់មកព្រះអង្គលើទ័ពត្រលប់មកនគរវិញ តែត្រូវកងទ័ពចាម១២ក្រុម លើកកំលាំង​ពួនស្ទាក់ព្រះអង្គបានធ្វើការវាយប្រយុទ្ធកំទេច កងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយត្រលប់មក​នគរវិញដោយសុវត្ថិភាព។ ក្នុងពេលវាយប្រយុទ្ធជាមួទ័ពចាម ប្រសិនបើគ្មានការធ្វើអន្តរាគមន៍​និងការធ្វើពលិកម្មបូជាជីវិតរបស់មេទ័ពទេនោះ ប្រហែលព្រះអង្គត្រូវរងគ្រោះអស់ព្រះជន្មផងក៏​មិនដឹង។

ព្រះបាទយសោវរ្ម័នទី១ នៅពេលធ្វើសង្រ្គាមទទួលបានជោគជ័យគ្រប់ទិសទី ហើយព្រះអង្គបាន ​អោយកសាងអាស្រមចំនួន១០០ នៅគ្រប់ទីកន្លែងដើម្បីគោរពបូជា ធ្វើការពង្រីកទឹកដី ជីក​បារាយណ៍មួយឈ្មោះថា យសោធរតដាក ប្រវែង៧គីឡូម៉ែត្រ និងទទឹង ១,៨គីឡូម៉ែត្រដើម្បី​យកទឹកទៅស្រោចស្រពការងារកសិកម្ម។ ព្រះបាទយសោវរ្ម័នទី១ គ្រងរាជ្យនៅទីក្រុង​ហរិហល័យ​ មិនយូប៉ុន្មានក៏លើករាជ្យធានីទៅយសោធបុរ ហើយកសាងប្រាសាទនៅលើ​ភ្នំ​បាខែង ដើម្បីឧទ្ទិសថ្វាយចំពោះ លទ្ធិព្រហ្មញ្ញសាសនា និងចង់បង្ហាញពីមហិទ្ធិឫទ្ធិ របស់ព្រះ​អង្គជាស្តេចអទិទេពដ៏ខ្លាំង ដែលមានសមត្ថភាពក្នុងការកសាងសំណង់ធំៗលើសព្រះរាជា​មុនៗ។ រាជាធានីយសោធបុរ(មហានគរ ឬ នគរធំ) ត្រូវបានព្រះមហាក្សត្រនៅសមួនគរគង់​នៅរយះពេល៦សតវត្ស ព្រមទាំងកសាងប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ មានសេដ្ឋកិច្ច​ រីកចំរើនរុងរឿងដល់កំពូលនៅ តំបន់អាស៊ីអាគ្នេយ៍។ ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការ​ដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង ពុទ្ធចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាង​រាជធានីអង្គរ ដែលកេរតំណែលទាំងនេះ បន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹក​ព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏​ សំខាន់សំរាប់ យកទឹកប្រកបការងារកសិកម្ម។ ស្នាព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នទី១ ​ត្រូវបានគេស្រាវជ្រាវឃើញមាន៖

- ប្រាសាទបាក់ខែង ស្ថិតនៅលើកំពូលភ្នំបាក់ខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គរវត្ត​ ឆ្ពោះទៅអង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយ​លទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតំកល់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា។ ប្រាសាទនេះ​មានកំពូលចំនួន១០៨ និងកំពស់៤៥ម៉ែត្រ តំណាងឲភ្នំព្រះសុមេរុមាន៧ជាន់ ខ្លះថាតំណាង​ ឲឋានសួគ៌ទាំង៧ជាន់របស់ព្រះឥន្រ្ទុ។ ប្រាសាទទាំងនេះទោះបីជារងនៅការបំផ្លិចបំផ្លាញ ​អស់មួយចំនួនធំក្តី ប៉ុន្តែដោយសារអតីតរាជធានីនេះអំណោយផលផ្នែកធម្មជាតិស្រស់បំព្រង​ ខ្យល់បរិសុទ្ធលាយឡំ នឹងសំឡេងសត្វយំ ហើយទីនោះខ្ពស់ស្រលះអាចមើលឃើញទិដ្ឋភាព​នានាបាន ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន បាននាំគ្នាទៅទស្សនានៅទីនោះពេលថ្ងៃរៀបអស្តង្គត​ យ៉ាងច្រើនកុះករ។
-ប្រាសាទលលៃ ស្ថិតនៅអតីតទីក្រុងហរិហល័យក្បែរប្រាសាទព្រះគោ និងប្រាសាទបាគង​ដែលកសាងក្នុងអំឡុងឆ្នាំ៨៩៣ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ និង ព្រះបិតារបស់ព្រះអង្គ កាលនោះ​ប្រាសាទនោះ ស្ថិតនៅកណ្តាលបារាយណ៍ឥន្ទ្រតាដាក បច្ចុប្បន្នទីនេះក្លាយទីរមណីយដ្ឋានប្រវត្តិ​ សាស្រ្តជាទីចាប់អារម្មណ៍ របស់អ្នកទេសចរ។
-ប្រាសាទព្រះវិហារ ស្ថិតនៅភូមិជ្រុះ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅលើជួរភ្នំ​ដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះមានទំហំ៨០០ម៉ែត្រ គុណនឹង ៤០០ម៉ែត្រ កំពស់ ៦២៥ម៉ែត្រដើម្បីថ្វាយព្រះសិវះ ក្នុងលទ្ធិព្រហ្មញ្ញសាសនាហើយប្រាសាទនេះត្រូវបាន​ ប្រទេសកាន់កាប់នៅ សម័យអាណានិគមនិយមបារាំង។ ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខ​ រាជរដ្ឋាភិបាល និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប្រាសាទព្រះវិហារត្រូវបានតុលាការ​ អន្តរជាតិទីក្រុឡាអេ សំរេចប្រគល់ឲកម្ពុជា នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។ រមណីដ្ឋានប្រវត្តិ​ សាស្ត្រដ៏ល្បីល្បាញមួយនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរពីគ្រប់មជ្ឈដ្ឋាន ​នាំគ្នាទៅទស្សនា ព្រោះមានប្រពន្ធគមនាគមន៍ចេញចូលបង្កលក្ខណះងាយស្រួលដល់ប្រជា​ពលរដ្ឋ និងអ្នកទេសចរចំរុះជាតិសាសន៍។

តាមរយះស្នាព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នទី១ ដែលមានប្រាសាទថ្ម បារាយណ៍​សោធរតដាក អាស្រមសំណាក់ធម៌ ទាំងផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា និង​អតីតរាជធានីមហានគរ ដែលត្រូវបានព្រះរាជាជំនាន់ក្រោយៗគង់នៅរយះពេល៦សតវត្ស​ នោះ​ធ្វើអោយប្រទេសជាតិ មានការរីកចំរើនរុងរឿងខ្លាំងទៀតផង។ កេរតំណែលរបស់ព្រះអង្គ​ត្រូវបានសិក្សាស្រាវជ្រាវសន្និដ្ឋានថា ព្រះបាទយសោវរ្ម័នទី១ជាស្តេចមួយអង្គដែលមាន​ប្រាជ្ញា​ ឈ្លាសវៃក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងមានស្នាព្រះហស្ថ​ខ្លាំងពូកែក្នុងការធ្វើសឹកសង្គ្រាមមិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ៕

Read more!

ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧​មានមហេសី២អង្គ​គឺព្រះនាងជ័យរាជទេវីនិង ព្រះនាងឥន្រ្ទទេវី។​ ទាំងពីរនាក់ជាបងប្អូនបង្កើត​ព្រះនាងជ័យរាជា រៀបអភិសេកមុនពេលដែលព្រះបាទជ័យវរ្ម័នទី៧ បានឡើងសោយរាជ្យ។​ ក្រោយពេលដែលព្រះនាងជ័យរាជា បានសោយទីវង្គតទៅទើប ព្រះនាងឥន្រ្ទទេវី ដែលជាបងបានឡើងឋានៈជាអគ្គមហេសី។

មាតិកា

១ ព្រះរាជជីវប្រវត្តិតាមសិលាចារឹក
២ ស្នាមព្រះហសក្នុងការកសាងផ្លូវជាតិធំៗ ចំនួន៥ខែ្សក្នុងរជ្ជកាលព្រះអង្គ
៣ អំពីព្រះបាទជ័យវរ្ម័នទី៧(ព្រះរាជាខ្លាំងពូកែ + ព្រះរាជវង្ស)
៤ ឯកសារយោង

ព្រះរាជជីវប្រវត្តិតាមសិលាចារឹក


ផ្ទាំងសិលាចារឹកដ៏ធំមួយនៃ ប្រាសាទព្រះខ័នស្ថិតនៅក្នុង ខេត្តសៀមរាប អតីតទីក្រុងខែ្មរ មហាអស្ចារ្យរុងរឿងត្រូវបានរកឃើញដោយ លោកគែ្លស្សី ហើយបោះពុម្ពដោយ លោកហ្សក សឺដេស ជនជាតិបារាំង កាលពីឆ្នាំ១៩៤១។ ការផ្សព្វផ្សាយនូវទិន្នន័យដ៏សំខាន់បំផុត ពាក់ព័ន្ធទៅនឹងព្រះរាជជីវប្រវតិ្តរបស់ ព្រះបាទជ័យវរ័្មនទី៧ ព្រះមហាវីរក្សត្រនៅសម័យមហានគរ។ មតិមហាជនខែ្មរមួយចំនួនមិនទាន់បានជ្រាបអំពីព័ត៌‌មាន ចម្បងទាំងនេះឲ្យ បានច្បាស់លាស់នៅឡើយទេ។ ប៉ុនែ្តអ្នកឯក ទេសខាងប្រវត្តិសាស្រ្តកម្ពុជាបាន លើកយកមកបកប្រែក្រៅផ្លូវការជូនជនរួមជាតិខែ្មរ ទុកជាការចេះដឹងទូទៅខាងប្រវត្តិសាស្រ្តមួយកម្រិតទៀត ។ គួររំលឹកផងដែរថា សិលាចារឹកនេះ (k-៩០៨) មានចារជាអក្សរទាំងអស់ចំនួន ១១១ គាថា។ បណ្ឌិតបុរាណវិទូខែ្មរ លោកមីសែលត្រាណេ បានលើកឡើងថា ១៨គាថាដើម នៃសិលាចារឹកនេះ មានលក្ខណៈ ដូចគ្នាបេះបិទទៅនឹងខ្លឹមសារ នៃសិលាចារឹកប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានធ្វើបកប្រែនូវគាថា មួយចំនួន ជាពិសេសគាថា ជីវប្រវត្តិរបស់ ព្រះបាទជ័យវរ្ម័នទី៧ដូចតទៅនេះ៖

" ជាព្រះរាជាមួយព្រះអង្គ ដែលត្រូវបានព្រះរាជាទាំងពួង នៃដែនដីដែលនៅដៃមាន កាន់យ៉ាងណែន មនុស្សគោរពសក្ការៈ។ ព្រះអង្គជាគតិបណ្ឌិត ដ៏ឆ្នើមក្នុងចំណោម គតិបណ្ឌិតផងទាំងឡាយ ជាព្រះរាជបុត្រារបស់ ព្រះរាជាព្រះបាទស្រុតវរ័្មន និងព្រះបាទស្រីស្រេស្ថវរ្ម័ន ជាមនុស្សល្អប្រពៃ តាមរយៈព្រះសម្មិទ្ធិដ៏រុងរឿងថ្កើងថ្កានជា ប្រភពនៃវង្សក្សត្រដ៏បរិសុទ្ធ" (គាថា៦) ។

"ព្រះអង្គជាព្រះអាទិត្យនៅលើមេឃា ដែលជាវង្សត្រកូល កម្ពុជាដែលបានប្រសូតឡើងនៅ លើភ្នំខាងកើតនៃ ជយាទិត្យបុរៈ។ ព្រះអង្គបានដាស់បេះដូង ផ្កាឈូកនៃ សព្វសត្វលោកជាឃ្លាំងនៃភាពត្រចេះត្រចង់ជា អធិរាជនៃស្រេស្ថបុរៈ " (គាថា៧)។

"ប្រសូតឡើងក្នុងមហានគរនៃ គ្រួសារខាងព្រះមាតាដែល ព្រះច័ន្ទចែងចាំងនូវកាំរស្មីព្រះកិត្តនាមល្អប្រពៃឥតខ្ចោះ ភ្លឺថ្លាដូច ព្រះនាលក្ម្សីព្រះនាង បាននាំមុខកំពូលស្រ្តីទាំងឡាយ (គឺព្រះរាជិនី) កម្ពុជ រាជលក្ម្សី (គាថា៨)"។ " ស្វាមីនៃដែនដីឯភវបុរៈ ព្រះបាទភវរ្ម័នទេវៈ ប្រកបដោយសម្រស់ដ៏ភ្លឺថ្លា ដែលនាំមកនូវមន្តសេ្នហ៍ចំពោះ ព្រះរាជនគររបស់ទ្រង់ ។ ពោរពេញទៅដោយ ទេពកោសល្យជាប្រភពកំណើតនៃ រាជវង្សានុវង្សដូចអ្នកដែលបានប្រកបដោយ កាំរស្មីអមតៈ។ ព្រះអង្គបានសម្រាល នូវភាពឈឺចុកចាប់របស់ប្រជានុរាស្រ្តរបស់ទ្រង់" (គាថា៩)។

" អ្នកដែលមានអាកប្បកិរិយាល្អ ភាពល្បីល្បាញវីរភាពដែលគេមិនអាចស្តីបន្ទោសអ្វីៗទាំងអស់បានឡើយ ហើយទ្រង់បានប្រសូត ក្នុងត្រកូលរបស់អ្នកនោះ ព្រមទាំងបានបង្កើតនូវកិច្ចការសម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ព្រះបាទស្រីហស៌‌វរ្ម័ន ជាអ្នកបំផ្លាញសេចក្តីរីករាយរបស់សត្រូវក្នុងចម្បាំង ហើយមាន ព្រះរាជសកម្មភាព ដ៏ថៃ្លថ្លាដែល បានផ្សព្វផ្សាយចេញពីវាចារគ្រប់ទិសទី" (គាថា១០)។


"តាមរយៈព្រះមហាក្សត្រ និងព្រះរាជមហេសីនេះ ព្រះនាងស្រីជ័យរាជចូឌាមនី បានមានកំណើតឡើង" ..." ប្រៀបទៅនឹងធាត្រីដែលបង្កើតឡើងដោយភាពរឹងប៊ឹង ដូចកមលា ដោយសោភ័ណភាពដូចអរុណឆតី ដោយកប្បកិរិយាដែលមិនអាចស្តីបន្ទោសបានឡើយ ដូចបៃត្រីដែលបានចាប់កំណើតដោយសប្បុរសធម៌‌" (គាថា១១-១២)។

" បានសោយរាជសម្បត្តិ នៅឯស្រីមន្តយសោធរបុរៈ ព្រះមហាក្សត្រជ័យវរ្ម័នទេវៈ ក្រោយពីផ្ទាញ់រលោកនៃពួកសត្រូវព្រះអង្គបានបោះបង្គោលរហូតដល់ សមុទ្របង្គោលនៃ ជ័យជំនះគ្រប់ទិសទីព្រះអង្គ និងបុព្វការីជនប្រថាប់នៅឯមហិធរបុរៈ" (គាថាទី១៣) ។

" ព្រះរាជបុត្រី របស់ ព្រះបាទស្រីហស៌‌វរ្ម័ន បានឲ្យកំណើតទៅ មហាបុរសមួយរូបគឺ ព្រះបាទជ័យវរ្ម័នទី៧ ប្រកបដោយថាមពលចែងចាំងដូចភ្លើងក្រហមឆ្អៅ បៀ្របដូចទៅនឹងព្រះនាងអទិតិ ដែលបានធ្វើឲ្យព្រាហ៌្មសីក្លាយទៅជា សេ្តចនៃពពួកទេវតាដែលដោយសារការប្រណិប័តន៍ដ៏ ល្អប្រពៃដើម្បី ការការពារដែនដី បានសម្លាប់ពួកមេទ័ពបច្ចាមិត្ត" (គាថា១៨)។

រួមសេចក្តីមកគ្មានអ្វីសង្ស័យឡើយ ព្រះបាទជ័យវរ្ម័នទី៧ ពិតជាវង្សមហាក្សត្រាខែ្មរយ៉ាងពិតប្រាកដដែលបានតពូជពង្សពី ព្រះមហាវីរក្សត្រនាសម័យនគរភ្នំ និងចេនឡាដ៏មាន មហិទ្ធិប្ញទិ្ធគួរឲ្យស្ញប់សែ្ញង ហើយព្រះអង្គក៏ជា មហាបុរសរដ្ឋដែល បានការពាដែនដីខែ្មរយើងដោយមានការលះបង់ ខ្ពស់រកអ្វីបៀ្របពុំបានឡើយ។


ស្នាមព្រះហសក្នុងការកសាងផ្លូវជាតិធំៗ ចំនួន៥ខែ្សក្នុងរជ្ជកាលព្រះអង្គ

មិនត្រឹមតែកសាងនូវមន្ទីរពេទ្យនិងធម្មសាលា ប្រាសាទច្រើនរាប់មិនអស់ទេ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧ បានកសាងផ្លូវជាតិធំៗចំនួន ៥ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ ។ លោកវង់ សុធារ៉ា សាស្រ្តាចារ្យ សិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខែ្មរ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗ នេះថា ក្នុងរជ្ជកាលព្រះអង្គ ព្រះមហាវីរក្សត្រអង្គនេះ បានកសាងផ្លូវគមនាគមន៍ សំខាន់ៗចំនួន ៥ខែ្ស ។ ខែ្សទី ១ ផ្លូវខាងលិចចាប់ពីយសោធបុរៈកាត់ ភ្នំស្រុកតម្រង់ ទៅស្តុកកក់ធំ និងបន្ទាយឆ្មារ។ ខែ្សទី ២ ផ្លូវនៅប៉ែក ពាយ័ព្យប្រទេស ពីយសោធបុរៈទៅភីម៉ាយ។ ខែ្សទី ៣ ផែ្នកខាងជើង(មិនដឹងច្បាស់) គេរៀបរាប់បែបជា ផ្លូវវង់មួយគឺចេញពីរាជធានី ទៅកាន់ទីក្រុងជយវតីជ័យសិង្អវតី ជយវីរតី ជយរាជគិរីស្រីសុវីរបុរី មកដល់យសោធបុរៈវិញ។ ចំណែកខែ្សទី៤ ផ្លូវឦសានពីរាជធានី យសោធបុរៈ ទៅកាន់រាជធានីរបស់ចាម និងទី៥ ផ្លូវខាងកើតពី យសោធបុរៈទំនង ជាតម្រង់ទៅ សម្បូរព្រៃគុក ដែលគេអាចឃើញដាននៃ សំណង់ស្ពានបុរាណជាច្រើន តាមដងផ្លូវជាតិលេខ៦ ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែក ។ លោកសាស្រ្តាចារ្យ វង់ សុធារ៉ា បានបន្តឲ្យដឹងថា ការកសាងផ្លូវគមនាគមន៍ចំនួន ៥ខែ្សនេះ នៅតាមផ្លូវព្រះអង្គ បានកសាងធម្មសាលា និងភ្លើងបំភ្លឺចំនួន ១២១កនែ្លង សម្រាប់ជាជម្រកសាធារណៈដល់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងសិលាចារឹកប្រាសាទព្រះខ័ន បានបន្តឲ្យដឹងថា តាមផ្លូវពាយ័ព្យមានធម្មសាលាចំនួន១៧ ផ្លូវខាងជើង មានធម្មសាលាចំនួន១៤ និង មានភ្លើងផ្លូវឦសាន មានធម្មសាលាចំនួន៥៧ រួមទាំងភ្លើងនិង1នៅសូរ្យបវិតគីភ្នំជីសូរ1នៅ វិជយាទិត្យនិង១នៅ កល្យានសិទ្ធកៈទំនងជា ត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង ។ បនែ្ថមពីនោះ ធម្មសាលាសល់ចំនួន៣០ ដោយសារមិនមានអត្ថបទសិលាចារឹក ធម្មសាលា ដែលនៅសល់ទំនងជាសង់តាម ផ្លូវខាងលិច និងខាងកើត លោកសាស្រ្តាចារ្យ វង់ សុធារ៉ាបានបញ្ជាក់ ។ លោកបានបន្តថា ក្រៅពីនេះ ព្រះអង្គ បានកសាងមន្ទីរពេទ្យ ដែលភាសាជំនាន់នោះហៅថា អរោគ្យសាលាមានចំនួន ១០២កនែ្លង ប្រកបដោយគឿ្រងតង្វាយ ដ៏ច្រើនអនេក សម្រាប់ផ្គត់ផ្គង់ជីវភាព និងសកម្មភាពនៅ តាមមន្ទីរព្យាបាលនីមួយៗពេទ្យជំនាញ ពេទ្យ ជំនួយ អ្នកបុកថ្នាំ អ្នកដាំទឹក អ្នកបម្រើការផេ្សងៗ ដែលសរុបមានប្រមាណ ៩០នាក់សម្រាប់មន្ទីរពេទ្យនីមួយៗ ។ លោកសាស្រ្តាចារ្យ គង់ សុវធារ៉ា បានបន្តដោយគូសបញ្ជាក់ថា " អ្នកជំងឺគ្រប់ឋានៈសង្គមអាចទទួលការព្យាបាលដោយគ្មាន ការរើសអើង (SAI FONGK - 368) " ។ លោកបនែ្ថមថា ដោយសារព្រះអង្គ យកចិត្តទុកដាក់លើសុខុមាលភាពនេះ ហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថា ព្រះអង្គកើតឃ្លង់ដោយ អ្នកស្រាវជ្រាវទាំងនោះ គ្រាន់តែពឹងផែ្អក លើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័ន និងរឿងព្រេងនិទាន សេ្តចគម្លង់ ដែលគេប្រឌិតឡើង នៅពេលក្រោយប៉ុណ្ណោះ ។


អំពីព្រះបាទជ័យវរ្ម័នទី៧(ព្រះរាជាខ្លាំងពូកែ + ព្រះរាជវង្ស)


ព្រះបាទជ័យវរ្ម័នទី៧ជាព្រះរាជាខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រអង្គរ ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជាលោកអាយម៉ូនីញ៉េ (Anymonier) បានសិក្សាពីព្រះបាទជ័យវរ្ម័នទី៧ និងសន្និដ្ឋានថាជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។ ការបង្រួបបង្រួមជាតិរបស់ព្រះបាទជ័យវរ្ម័នទី៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ សាលាបារាំងចុងបូព៌ា‌ដោយសារលោកល្វីហ្វីណូ (Louis Finot) នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយដែលរកឃើញដោយលោកហ្សក ម៉ាសេ្បរ៉ូ (Georges Maspero) នៅត្រង់សាយហ្វុង (Say Fong) ជិតក្រុងវៀងចន្ទន៍ ដែលផ្តល់ព័ត៌‌មានពីការកសាងមន្ទីរពេទ្យនៅ គស ១១៨៦។ លោកល្វីហ្វីណូ (Louis Finot) បានកត់សំគាល់ថា សិលាចារឹកនេះមានន័យ ដូចសិលាចារឹក នៅសសរស្តម្ភ (Stèle) ដែលគេបានរកឃើញនៅឈូងសមុទ្រសៀម ជិតព្រំដែនកូសាំងស៊ីន ហើយព្រះនាម ព្រះបាទជ័យវរ្ម័នទី៧ត្រូវបានរំលឹកជាញឹកញាប់ នៅក្នុងសិលាចារឹកចាមថាជាអ្នកចម្បាំងមួយយ៉ាងធំ (Le Grand Conquérant) ។ លោកបានសន្និដ្ឋានថា "សិលាចារឹកដែលមានចាប់ពីប្រទេសលាវខាងក្រោម ទៅឆេ្នរសមុទ្រអណ្ណាម និងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះ បានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គ ខ្លះទៀតអំពីអំពើល្អរបស់ព្រះអង្គ។ ទាំងនេះបានបំភ្លឺពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាពងងឹតនៃ អតីតកាលរបស់ប្រទេសកម្ពុជា" ។

ភាពងងឹតក៏បានរសាយដោយសារការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល៤០ឆ្នាំ របស់លោកហ្វីហ្វីណូ (Louis Finot) ។ ព្រះនាមរបស់សេ្តចអង្គនេះគេទើបនឹងបានស្គាល់ នៅ គស១៩០០ ពេលគេបង្កើត សាលាបារាំង ចុងបូព៌ា(Ecole Francaise d’Extrème Orient) ។ ឥឡូវនេះគេចាត់ទុកព្រះអង្គជា ព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុង ចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផេ្សងទៀតនៃប្រទេសកម្ពុជា។ ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុតគិតទាំងប្រទេសចម្ប៉ាផង និងកសាងប្រាសាទជាច្រើនពាសពេញ ប្រទេស។ សិលាចារឹកជាច្រើនដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹកបី គឺសិលាចារឹក តាព្រហ្ម ព្រះខ័ន និង បន្ទាយឆ្មារ ដែលព្រឹត្តិប័ត្រនៃសាលាបារាំងចុងបូព៌ា (Bulletin de L’Ecole Francaise d’Extrême-Orient) បានពោះពុម្ពផ្សាយ។ បទបញ្ញត្តិនៃមន្ទីរពេទ្យសិលាចារឹកនៅផែ្នកខាងក្រោម ប្រាសាទភិមានអាកាស ដែលគេបានរកឃើញ នៅគស ១៩១៦ ក្នុងព្រះបរមរាជវាំងអង្គរធំ និងសិលាចារឹកចាមមួយនៅមីសឺន (Mi-Son) ត្រូវបានលោកល្វីហ្វីណូ (Louis Finot) បោះពុម្ពនៅក្នុងព្រឹត្តិប័ត្រនៃសាលាបារាំង។ ព្រះបាទជ័យវរ្ម័នទី៧ ខ្លាំងពូកែដូចព្រះមហាក្សត្របារាំងព្រះនាមល្វីទី៧ (Louis VII) និងល្វីលីពអូគ្អូស (Philippe Auguste) ដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នា។

ព្រះរាជពង្សាវតាររបស់ព្រះអង្គត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់។ ព្រះបិតារបស់ព្រះអង្គសោយរាជ្យ រយៈពេលយ៉ាងខ្លីក្នុងរវាងគស១១៥៥។ ព្រះអង្គម្ចាស់ជ័យវរ្ម័នទី៧ ត្រូវជាបងប្អូនជីទួតមួយនឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់បានធ្វើសង្រ្គាមរហូតដល់តុងកឹង និងកសាងប្រាសាទអង្គរវត្តជាប្រាសាទចេតិយ របស់ព្រះអង្គ ព្រះមាតារបស់ព្រះអង្គជាប់សាលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេស ដែលគ្រប់គ្រង ប្រទេសជិតពេញស.វ ទី១១ និងព្រះរាជិនីកម្ពុជាសម័យបុរេអង្គរ។ ព្រះអង្គម្ចាស់ជ័យវរ្ម័នប្រសូត្រនៅវាង គ,ស ១១២០ ឬយ៉ាងយូរណាស់ គស ១១២៥ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយព្រះអង្គបានរៀបអភិសេក ពីកេ្មងបន្តិចជាមួយព្រះអង្គម្ចាស់ក្សត្រីជ័យរាជទេវី ដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេស ។

ក្រោយមកព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ព ទៅវាយប្រទេសចាម្ប៉ានៅតំបន់វិជ័យ (បច្ចុប្បន្នខេត្តប៊ិញឌិញ ប្រទេសវៀតណាម)។ អវត្តមាននៃព្រះស្វាមីបានធ្វើឲ្យ ព្រះនាងជ័យរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ ទុក្ខ ដែលសិលាចារឹកនៃ ព្រះបរមរាជវាំងសរសេរដោយព្រះនាងឥន្រ្ទទេវីត្រូវជាបងបង្កើតរបស់ព្រះនាង។ សិលាចារឹកបានរៀបរាប់ថា ព្រះនាងស្ថិតនៅអន្លង់ជ្រោះទឹកភែ្នក ទួញសោកដូចនាងសិតាព្រាត់ប្រាស ពីព្រះស្វាមី ព្រះនាងសុំបន់ស្រន់សូមឲ្យព្រះស្វាមីវិលវិញ មធ្យោបាយបំភេ្លចទុក្ខសោកដ៏មហិមានេះ ព្រះនាងបានបួសជាបស្វីក្នុងព្រាហ្មណ៍សាសនា និង ក្រោយមកបួសក្នុងព្រះពុទ្ធសាសនា ។

សិលាចារឹកបានសរសេរថា "ទទួលការសិក្សាអប់រំពីបងស្រីបង្កើត ព្រះនាងគិតថា ព្រះពុទ្ធសាសនាជាទី ស្រឡាញ់ពេញចិត្ត ព្រះនាងប្រកាន់យកមាគ៌‌ារបស់ ព្រះពុទ្ធសាសនា ដែលជាមាគ៌‌ាដ៏ស្ងប់ ដើម្បីឆ្លងកាត់ ភ្លើងទុក្ខ និងសមុទ្រនៃសេចក្តីឈឺចាប់"។ នៅពេលដែល ព្រះបាទជ័យវរ្ម័នទី៧ គង់នៅប្រទេសចាម្ប៉ា ព្រះបិតារបស់ព្រះអង្គគឺ ព្រះបាទធរណី ន្រ្ទវរ្ម័នទី២ ទ្រង់ចូលទិវង្គត ហើយព្រះមហាក្សត្រដែលស្នងរាជ្យបន្តព្រះនាមយសោវរ្ម័នទី២ ដែលគេមិន ស្គាល់ពីជីវប្រវត្តិ ។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ មានព្រឹតិការណ៍សោកសៅមួយដែលមាន ចារនៅក្នុងសិលាចារឹក និងរូបចំលាក់នៅប្រាសាទបន្ទាយឆ្មារ។ សិលាចារឹក និងរូបចំលាក់ប្រាសាទនេះ បានឲ្យដឹងថា ព្រះបាទយសោវរ្ម័នទី២ ត្រូវរាហុវាយលុកដូចពេលមុន សូរ្យគ្រាស ឬចន្រ្ទគ្រាស តែបាន យុវក្សត្រមួយអង្គជួយសង្រ្គោះទំនងជា បុត្រណាមួយរបស់អនាគតព្រះបាទជ័យវរ្ម័នទី៧

សិលាចារឹកសរសេរថា នៅពេលដែលភរតរាហុបះបោរប្រឆាំងនឹងព្រះបាទយសោវរ្ម័ន ដើម្បីវាយលុក ដណើ្តម ព្រះរាជវាំងកងទ័ពការពារទីក្រុងបានបាក់ទ័ពរត់អស់... ព្រះអង្គម្ចាស់ចូលប្រយុទ្ធ។ ទាហានពីរនាក់ បានចូលរួមប្រយុទ្ធជាមួយព្រះអង្គ ហើយបានទទួល ជ័យជំនះលើភរតរាហុ" ។ ប៉ុនែ្តព្រះបាទយសោវរ្ម័នទី២ បានត្រូវមន្រ្តីជាន់ខ្ពស់ម្នាក់ដណ្តើមរាជ្យដោយយកនាមថា ត្រីភូវនាទិត្យ នៅគស ១១៦៥។ ព្រះអង្គម្ចាស់ជ័យវរ្ម័នក៏ប្រញាប់ប្រញាល់យាង ត្រឡប់មកពីចាម្ប៉ាដើម្បីជួយ សង្គ្រោះព្រះបាទយសោវរ្ម័នទី២ សិលាចារឹកបានបន្តទៀតថា "ប៉ុនែ្តព្រះបាទយសោវរ្ម័នទី2ត្រូវ អ្នកជ្រែករាជ្យធ្វើគុត ហើយព្រះអង្គម្ចាស់ជ័យវរ្ម័ន ក៏គង់នៅប្រទេសកម្ពុជាដើម្បីរង់ចាំ ពេលវេលាល្អនឹង ស្រោចស្រង់ស្ថានការណ៍ ដែលពោរពេញទៅដោយអំពើឧក្រិដ្ឋ ។ ព្រះអង្គម្ចាស់ក្សត្រីដែលកៀ្រមក្រំ ដោយទុក្ខ ពីព្រោះព្រះស្វាមីអវត្តមានក៏រលាយពីសេចក្តីទុក្ខព្រួយវិញ ដោយព្រះនាងចង់ឃើញព្រះអង្គ រំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់ " ។ ព្រះអង្គម្ចាស់ជ័យវរ្ម័នដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេល និងបានឃើញអ្នកជ្រែករាជ្យនៅលើ រាជបល្ល័ង្គ ព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចាម្ប៉ាវិញឡើយ និងដោយសារមានការជួយទស្សនៈពី មហេសីផង ព្រះអង្គក៏គង់នៅកម្ពុជា "រង់ចាំពេលវេលាល្អសមស្រប" ។ ព្រះអង្គត្រូវរង់ចាំអស់ រយៈពេល១៥ឆ្នាំ ។ ក្នុងពេលជាមួយគ្នាដែលនៅកម្ពុជាមានការជ្រែករាជ្យ នៅប្រទេសចាម្ប៉ាក៏មានការជ្រែករាជ្យដែរ នៅ គ,ស១១៦៦-១១៦៧ ព្រះនាមសេ្តចជ័យឥន្រ្ទវរ្ម័ន។ សេ្តចអង្គនេះបានលើកសួយសារអាករទៅ ថ្វាយសេ្តចអាណ្ណាមព្រះនាមលីអាញ់ទន់នៅគស ១១៧០ ដើម្បីឲ្យប្រទេសនេះស្ថិតនៅអព្យាក្រិត ។

ក្នុងពេលនេះព្រំដែនខាងជើងនៃប្រទេសចម្ប៉ាស្ថិតនៅក្នុងភាពស្ងប់ស្ងៀម ហើយសេ្តចជ្រែករាជ្យចាម ក៏លើកទ័ពវាយលុកប្រទេសកម្ពុជា។ សិលាចារឹកភិមានអាកាសសរសេរទៀតថា "ព្រះបាទជ័យឥន្រ្ទវរ្ម័ន(សេ្តចចាម)ឥតកោតខ្លាចដូចក្រុងរាពណ៍ (Ravana) នៅលើរថកាន់អាវុធវាយប្រយុទ្ធប្រទេសកម្ពុជា"។ ប៉ុនែ្តការវាយលុកនេះពុំបានទទួលជោគជ័យទេ។ សេ្តចចាមនាមជ័យឥន្រ្ទវរ្ម័ន បានដូរយុទ្ធវិធីពីវាយតាមជើងគោកទៅវាយតាមជើងទឹកវិញ។ នៅគស១១៧៧ សេ្តចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខែ្មរ ដោយមានចិនលិចសំពៅម្នាក់ជួយនាំផ្លូវ។ ទ័ពនោះបានចូលតាមទនេ្លមេគង្គ ហើយឡើងរហូតដល់បឹងទនេ្លសាប។ ក្រុងអង្គរត្រូវ ធ្លាក់ក្នុងកណ្តាប់ដៃចាម ហើយសេ្តចជ្រែករាជ្យត្រីភូវនាទិត្យវរ្ម័ន ក៏ត្រូវធ្វើគត់ក្នុងសមរភូមិ។ កងទ័ព ចាមក៏ចូលកាន់កាប់ទីក្រុង ហើយបំផ្លិចបំផ្លាញ និងប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់អស់ពីទីក្រុង។ ព្រះរាជបល្ល័ង្គត្រូវនៅទំនេរគ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះអង្គម្ចាស់ជ័យវរ្ម័ន ឈេ្វងយល់ថា ពេលវេលាល្អបានមកដល់ហើយ។ ប៉ុនែ្តមុននឹងប្រកាសជាសេ្តចសោយរាជ្យ ព្រះអង្គត្រូវរំដោះ ប្រទេសចេញ ពីការគ្រប់គ្រងរបស់បរទេស។ ព្រះអង្គក៏បានលើកទ័ពដេញកំចាត់ពួកចាមតាមជើងទឹក ដូចដែលមានរូបចំលាក់នៅជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ហើយបានរំដោះប្រទេសទាំងមូល។ ៤ឆ្នាំក្រោយការឈ្លានពានរបស់ចាម គ.ស១១៧៧ នៅគ,ស1181 ប្រទេសកម្ពុជាបានសុខសន្តិភាព ហើយព្រះអង្គម្ចាស់ជ័យវរ្ម័ន ក៏ប្រកាសឡើងគ្រងរាជ្យ។ នៅក្នុងពេលជាមួយនោះព្រះអង្គបាន កសាងរាជធានីឡើងវិញ។ "ទីក្រុងយសោធបុរៈដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់ បានផ្សំផ្គុំជាមួយ គូដណ្តឹងរបស់ខ្លួនក្នុងតណ្អា ដែលពុះកេ្រញ្ជាលលំអទៅដោយរាជវាំងអំពីត្បូងមានតំលៃ និងគ្របដណ្តប់ទៅ ដោយកំផែង។

គូស្វាមីភរិយានេះ បានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជាដើម្បីបង្កើតសុភមង្គល នៃសត្វលោកក្រោមជ័យជំនះដ៏ធំធេងដែលព្រះអង្គដណ្តើមយកបាន" ។ សិលាចារឹកមួយនៅជ្រុងកំពែង អង្គរធំបានសរសេរថា រាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះ គ្មានអ្វីក្រៅពីទីក្រុងអង្គរធំទេ ពុំមែន ប្រាសាទបាខែងនៅចុងស.វ ទី៩ឡើយ តែជាទីក្រុងបច្ចុប្បន្នដែលមជ្ឈមណ្ឌលជាប្រាសាទបាយ័ន។ ក្នុងពេលដែលចាមចូលលុកលុយប្រទេស គ.ស ១១៧៧ តាមអ្នកប្រវត្តិសាស្រចិន ឈ្មោះម៉ាទួនលិនថា ព្រះអង្គម្ចាស់ជ័យវរ្ម័ន "បានសច្ចាថានឹងសងសឹកសត្រូវរបស់ព្រះអង្គ ហើយកិច្ចការនេះអត់ទ្រាំដោយ ស្ងាត់កំបាំងរយៈពេល១៥ឆ្នាំ" ។ ប៉ុនែ្តមុននឹងសំរេចសេចក្តីសច្ចារបស់ព្រះអង្គ ដើម្បីធ្វើសង្រ្គាមនឹងចាមនៅក្នុងប្រទេស ព្រះអង្គត្រូវបង្រ្កាប ការបះបោរនៅផែ្នកខាងត្បូងនៃទឹកដីបាត់ដំបង។ ដើម្បីបង្រ្កាបការបះបោរនេះ ព្រះអង្គបានបញ្ជា ក្សត្រចាមមួយអង្គនាមវិទ្យានន្ទន៍ ឲ្យលើកទ័ពទៅបង្រ្កាបបានរាបទាបឡើងវិញ។ គួរបញ្ជាក់ថា ក្សត្រចាម នេះបានមករស់នៅអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមឺសឺនបានសរសេរថា "កាលពីកុមារភាព របស់ព្រះអង្គ នៅគ.ស ១១៨២ ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅប្រទេសកម្ពុជា។ ព្រះមហាក្សត្រប្រទេសកម្ពុជា (គឺព្រះបាទជ័យវរ្ម័នទី៧បានឡើងសោយរាជ្យឆ្នាំមុន) បានទតឃើញ លក្ខណៈ៣៣យ៉ាង របស់ព្រះអង្គម្ចាស់។ ក៏មានព្រះទ័យស្រឡាញ់ពេញចិត្ត ហើយព្រះអង្គបងៀ្រន វិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តដល់ព្រះអង្គម្ចាស់ នៅពេលដែលព្រះអង្គម្ចាស់គង់នៅប្រទេសកម្ពុជា រាជាណាចក្រនេះមានតំបន់មួយឈ្មោះមល្យង ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើង ប្រឆាំងនឹងព្រះមហាក្សត្រកម្ពុជា។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹក សង្រ្គាមក៏បញ្ជាឲ្យ ដឹកនាំកងទ័ពកម្ពុជា ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណ បំណាច់ព្រះមហាក្សត្រខែ្មរប្រទានកិត្តិយស និងទ្រព្យសម្បត្តិដែលមានតំលៃខ្ពស់ៗថ្វាយដល់វិទ្យានន្ទន៍" ។

នៅគ.ស១១៩០ ព្រះបាទជ័យវរ្ម័នទី៧ បានធ្វើឲ្យប្រទេសដៃវៀត (មហារាជាលីកៅ ទន់) នៅ អព្យាក្រិតដើម្បីឲ្យងាយស្រួលក្នុងការវាយចាម ក្នុងឆ្នាំដដែលឱកាសល្អហុចឲ្យ ដោយសេ្តច ចាមជ័យឥន្រ្ទវរ្ម័នទី៤លើកកង ទ័ពមកវាយខែ្មរម្តងទៀត។ តើព្រះបាទជ័យវរ្ម័នទី៧ទ្រង់លើកទ័ព ប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា ? សិលាចារឹក ពោនគរ(ញ៉ាត្រាង)បានសរសេរថា "ព្រះអង្គវាយយកបានរាជធានី ប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំង អស់"។ ជោគជ័យនេះបានដោយសារព្រះអង្គបញ្ជាវិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ វិទ្យានន្ទន៍វាយយក បានក្រុងវិជ័យ(ប៊ិញ ឌិញ) ហើយចាប់សេ្តចចាមជ័យឥន្រ្ទវរ្ម័នទី៤ ជាឈ្លើយមកថ្វាយព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់ព្រះបាទជ័យវរ្ម័នទី៧ ឈ្មោះអិន (អនុជព្រះនាងជ័យរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជ័យ ដោយមាននាមថា សូរ្យជ័យវម៌‌ទេវៈ រួចព្រះអង្គលើកទ័ពបង្អួសទៅ វាយយកបាណ្ឌរង្គ (ផាន់រ៉ាង) ហើយឡើងសោយរាជ្យនៅទីនោះ ដោយមាននាមថា សូរ្យវម៌‌ទេវៈ ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយរាជាខែ្មរ និងមួយផែ្នកទៀតក្សត្រចាម វិទ្យានន្ទន៍។ តែមិនយូរប៉ុន្មានពួកចាមនៅវិជ័យបះឡើង ដោយបណេ្តញព្រះអង្គម្ចាស់អិន រត់ចូលទៅស្រុកខែ្មរវិញ ហើយលើកសេ្តចចាមនាមរសុបតិ ឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ វិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតជ័យឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយឡើងសោយរាជ្យប្រទេស ចាម្ប៉ាទាំងមូលពីគ.ស១១៩២ដល់ ១២០៣។ នៅគ.ស១១៩៣ និង១១៩៤ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានសាកល្បងឲ្យវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញ តែឥត ប្រយោជន៍ រហូតដល់គ.ស១២០៣ ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀត ព្រះនាមអុងធនបតិក្រាម ដែលត្រូវជាឪពុកមាវិទ្យានន្ទន៍ឲ្យលើកទ័ពទៅវាយកំចាត់ក្មួយ ព្រះអង្គទាល់តែបាន។ ចាប់ពីគ.ស១២០៣ដល់១២២០ ប្រទេសចាម្ប៉ាក៏ក្លាយទៅជា អាណាខេត្តរបស់ខែ្មរ។ ការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើត ដែលជាប្រទេសជិតខាង ពុំបានទប់ស្កាត់មិនឲ្យព្រះអង្គ ពង្រីកទឹកដីទៅខាងជើង និងខាងលិចនៃប្រទេសកម្ពុជាឡើយ គឺនៅក្នុងរជ្ជកាលនេះហើយដែលសិលា ចារឹកសាយហ្វុង (ជិតក្រុងវៀងចន្ទន៍) បានបញ្ជាក់ ពីកាលបរិចេ្ឆទ ហើយអ្នកប្រវត្តិសាស្រ្តចិន បាននិយាយ ពីអំណាចរបស់ព្រះបាទជ័យវរ្ម័នទី៧ បានភ្ជាប់ទឹកដីមួយផែ្នកនៃឧបទ្វីបម៉ាឡាយូ និងវាតអំណាចរហូត ដល់ប្រទេសភូមា។ ម្យ៉ាងទៀតសិលាចារឹកមួយនៃប្រាសាទព្រះខ័នបានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូរ្យភក្ត និងព្រហ្មណ៍ឯទៀត ទាំងអស់ក្នុងបរមរាជវាំង។ ព្រះរាជានៃយវនៈ (Yavanas) និងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា។ ព្រាហ្មណ៍សូរ្យភក្តប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុង ព្រះបរមរាជវាំង។ ព្រះរាជានៃយវនៈ គឺជាអធិរាជលី អាញ់ទន់ (Li Anh Tôn) ដែលសោយរាជ្យ នៅគ.ស ១១៧៥ មាននាមសំរាប់រាជ្យថា លីកៅទន់; (Li Cao Tôn) និងសោយរាជ្យរហូតដល់គ,ស១២១០ ព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា គឺព្រះរាជាសោយរាជ្យនៅក្រុងវិជ័យ (ប៊ិញឌិញ) ដែលត្រូវជាប្អូនថៃ្លនៃ ព្រះបាទជ័យវរ្ម័នទី៧ និងព្រះរាជាដែលសោយរាជ្យនៅបាណ្ឌុរង្គ (ផាន់រ៉ាង) គឺព្រះអង្គម្ចាស់វិទ្យានន្ទន៍ ដែលការពារដោយព្រះជ័យវរ្ម័នទី៧។

គេបានដឹងថាការថ្វាយទឹកមន្តមានន័យថា ទទួលស្គាល់ការស្ថិតនៅក្រោមចំណុះនៃប្រទេសដែលគេ ថ្វាយនោះ។ ទំនៀមនេះនៅមានរហូតដល់សព្វថៃ្ងនេះ។ នៅក្នុងរាជវាំងក្រុងភ្នំពេញ ឬបាងកក នៅពេល ពិធីអភិសេកសេ្តចឡើងសោយរាជ្យ ទឹកមន្តសំរាប់ធ្វើពិធីគឺជាទឹកដែលទទួលបានពីទនេ្លសំខាន់ៗនៃប្រទេស និងពីខេត្តផេ្សងៗនៃព្រះរាជាណាចក្រ ។ ការស្ថិតនៅក្រោមចំណុះប្រទេសកម្ពុជានៃប្រទេស ចាម្ប៉ាទាំងពីរ មិនយូរអងែ្វងដូចនៅក្រោមអំណាចរបស់ជ្វា អំណាចរបស់មហារាជអណ្ណាមឡើយ ។ ក្រោយពីព្រះនាងជ័យរាជទេវីសោយទិវង្គតតទៅ ព្រះបាទជ័យវរ្ម័នទី៧ បានរៀបរាជាភិសេកជាមួយ ព្រះនាងឥន្រ្ទទេវី ដែលជាបងបង្កើតរបស់ ព្រះនាងជ័យទេវី។ ក្សត្រីអង្គនេះជាស្រ្តីសំបូរទៅដោយចំណេះវិទ្យា ព្រះនាងត្រូវបានតែងតាំងជាសាស្រ្តាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ហើយបានកសាងសិលាចារឹក ភិមានអាកាស ដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះជីវប្រវត្តិជ័យវរ្ម័នទី៧។ គេមិនដឹងច្បាស់ថា ព្រះបាទជ័យវរ្ម័នទី៧ សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យ រហូតដល់ឆ្នាំ១១៨។ ព្រះអង្គមានព្រះបរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះហ្ញសីកេសៈ ដែលជាសក្ខីភាពប្រាប់ថា សាសនាព្រាហ្មណ៍នៅពេលនោះនៅមានឥទ្ធិពលខ្មាំង គួរសមដែរ។ តាមរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ មានសាច់មាំ ព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចំលាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទភិម៉ៃ ជិតកូរ៉ាត (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះគឺ ជាព្រះរូប របស់ព្រះបាទជ័យវរ្ម័នទី៧។

អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត ? មានរូបចំលាក់ពីនាសម័យនោះគឺរូបចំលាក់ នៅហោជាងប្រាសាទតូចដែលគេហៅថាមន្ទីរពេទ្យ ស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោកវិចទ័រ ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចម្លាក់ដើម្បីសែ្វងយល់អំពីរឿង "សេ្តច គំលង់" ប៉ុនែ្តពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ ហើយលោកបានផ្តល់អត្ថបទរបស់លោក វេជ្ជបណ្ឌិតម៉េស្នា (Dr. Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរ បានប្រគល់ឲ្យគាត់ គ.ស 1934 អំពីអត្ថាធិប្បាយលើក្បាច់ចំលាក់ នៃប្រាសាទបាយ័នដូចតទៅ :

  • "កំភួនដៃ និងដៃនៃអ្នកជំងឺជាវត្ថុបំណង នៃការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីស្រ្តីដែលនៅព័ទ្ធជុំវិញ។ កាយវិការនៃស្រ្តីម្នាក់ មានលក្ខណៈដូចជាចាប់កាន់ត្រចៀកខាងស្តាំ បើកឲ្យធំដើម្បីឲ្យគេចាប់អារម្មណ៍ ទៅលើចំណុចដែលសំខាន់បំផុត។
  • "អវយវៈក្រោមទ្រដោយវត្ថុមួយនៅ ក្រោមជង្គង់"។
  • "ស្រ្តីម្នាក់លើកជើងស្តាំរបស់មនុស្សនោះ ដោយដៃឆេ្វង និងដៃស្តាំដូចជារិតច្របាច់គក់ជើងឆេ្វង"។
  • "កាយវិការនៃស្រ្តីទាំងនេះដូចជាចង្អុលបង្អាញថា មនុស្សនោះមានជម្ងឺនៅចុងអវយវៈ គឺជម្ងឺឃ្លង់ ?" ការកត់ចំណាំសំខាន់មួយទៀតនៅជិតខ្លួន នៃមនុស្សនោះមានថូមួយដែលដាក់ផែ្លឈើរាងមូលពេញ។ ផែ្លឈើនេះប្រហែលជាផែ្លក្របៅ (Chaulmoogra) ។ ដើមក្របៅ (Hydnocarpus anthelmintica) ជាដើមឈើ ដែលដុះពាសពេញព្រៃ ។

ឯកសារយោង444

< class="references-small" style="-moz-column-count: 1;">
  1. អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
  2. អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
  3. ដកស្រង់ចេញពីកាសែតកោះសន្តិភាព


Read more!

ព្រះបាទជ័យវរ្ម័នទី៣

ព្រះបាទជ័យវរ្ម័នទី៣

ព្រះបាទជ័យវរ្ម័នទី៣ (៨០២-៨៦៩)៖ គេមិនបានដឹងអំពីដើមកំណើតរបស់ព្រះបាទជ័យវរ្ម័នទី៣នេះទេ តែព្រះអង្គបានប្រាកដខ្លួនឡើងជាអ្នកកសាងរាជវង្សមួយថ្មី ឬក៏ថា ទ្រង់ជាអ្នក ដែលធ្វើឲ្យរាជវង្សមុនរុងរឿងឡើងវិញ។ សិលាចារឹកស្តុកកក់ធំ បានហៅព្រះអង្គតាមព្រះមរណនាមថា បរមេស្វរៈ និងគ្រាន់តែបានឲ្យយើងដឹងថា "ព្រះអង្គយាង មកពីកោះជ្វា មកសោយរាជ្យនៅនគរឥន្រ្ទបុរៈ (មានន័យថា រាជធានីរបស់ព្រះឥន្រ្ទ)"។ ព្រះអង្គ ទ្រង់យាងមកជាមួយនឹង ព្រះរាជគ្រូរបស់ព្រះអង្គ គឺ"បណ្ឌិត សែ្តងអញសិវៈកៃវល្យៈ"។ សិលាចារឹកស្តុកកក់ធំបានរៀបរាប់តែប៉ុណេ្ណះ ហើយមិនបាននិយាយថា តើព្រះរាជាអង្គនេះ ជានរណាមានសិទ្ធិ ដូចមេ្តចខ្លះ មកលើរាជ បល្ល័ង្កនគរ កម្ពុជាទេ។ តាមពិតទៅ ព្រះអង្គមានសិទ្ធិនេះ តែសិទ្ធិនេះ វាកើតមានឡើងជាយថាហេតុ និងមិនចំពោះ ព្រោះថា ព្រះអង្គត្រូវជាចៅកួយរបស់ព្រះបាទស្រីបុស្ការក្សៈ ដែលជាប់ខែ្សស្រឡាយទៅ នឹងរាជវង្សអនិន្ទត្តបុរៈ ដែលជាព្រះរាជាទីមួយនៃសម្ភុបុរៈ ក្រោយពេលបែកគ្នារួចមក។ សិទ្ធិទទួលរាជសម្បត្តិនេះ នឹងទៅជាសិទ្ធិចំពោះបាន លុះត្រាណាតែរាជវង្សជាបុរសទាំងអស់ ដែលជាប់ខែ្សលោហិតជិតនឹងព្រះរាជាកំពុងសោយរាជ្យបានត្រូវបាត់ខ្លួនអស់ ពីព្រោះថា ថ្វីបើព្រះរាជាអាចត្រូវគេលើកឲ្យសោយរាជ្យ សម្បត្តិបានក៏ដោយ ក៏ការជ្រើសរើសនោះ អាចប្រព្រឹត្តទៅបានតែលើ ព្រះអង្គម្ចាស់មួយអង្គនៃរាជវង្សកំពុងសោយរាជ្យ (អនុជ,បិតុលាឬអនុជជីដូនមួយ) ប៉ុណ្ណោះដូចដែលគេធ្លាប់អនុវត្តនៅ នគរចាម៉្បាពីមុននិងនៅកម្ពុជាសព្វថៃ្ងដែរ។ គេអាចជ្រើសរើសអនុវង្សម្នាក់បានតែកាលណា គ្មានវង្សសេ្តចសោយរាជ្យម្នាក់សោះ។ តាមមើលទៅ ព្រះបាទជ័យវរ្ម័នទី៣ ទ្រង់ត្រូវជាសមាជិកមួយអង្គនៃ អនុវង្សរបស់ព្រះរាជាដែល សោយរាជ្យនៅសម្ភុបុរៈ និងនៅវយធបុរៈ ក្រោយពេលបែកពីគ្នា។ តើគ្មានអង្គម្ចាស់ណាម្នាក់ទៀតទេឬ នៅក្នុងរាជវង្ស? តាមសិលាចារឹក ព្រះបាទបានបញ្ជាក់ថា ព្រះបាទមហិបតិវរ្ម័នទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្រ្ទទេវី ដែលត្រូវជាព្រះមាតារបស់ព្រះបាទយសោវរ្ម័ន ក៏ប៉ុនែ្តមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ?។ ដូចេ្នះ គ្មានរជ្ជទាយាទមួយអង្គណាទេ នៅរាជបល្ល័ង្កកម្ពុជាពេលដែលព្រះបាទជ័យវរ្ម័នយាងមកពីកោះជ្វា។

ម៉្យាងទៀត ប្រសិនបើព្រះបាទជ័យវរ្ម័នទី៣ គ្មានសិទ្ធិសោយរាជសម្បត្តិនៅលើ រាជបល្ល័ង្កកម្ពុជាតាមរយៈរាជវង្សសម្ភុបុរៈ ឬក៏រាជវង្សវយធបុរៈទេ ព្រះអង្គប្រហែលជា មានសិទ្ធិនេះតាម រយៈខែ្សស្រឡាយមុននោះ គឺថាព្រះរាជបិតា ឬព្រះអយ្យកោរបស់ព្រះអង្គ បានត្រូវគេបំបែកចេញពីរាជបល្ល័ង្ក ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី១ សុគតទៅ ដោយទ្រង់ភៀសព្រះកាយទៅនៅឯកោះជ្វា ឬក៏ត្រូវគេនាំយកទៅ។

យើងមិនបានដឹងច្បាស់ ពីហេតុការណ៍នៃការបាក់បែកនោះកើតឡើងយ៉ាងដូចមេ្តច ហើយថាតើដោយសារព្រឹត្តិការណ៍អ្វីទេដែរ។ ក៏ប៉ុនែ្តយើងដឹងថា នៅសម័យ ជាមួយគ្នានោះ ពួកម៉ាឡេ និងពួកអ្នកស្រុកកោះ ពូឡូកុងឌ័រ ដែលមានកំណើតដើមជាម៉ាឡេដែរ បានទៅវាយដុតបំផ្លាញតុងកឹង ហើយ ពួកចិន-អាណ្ណាម ត្រូវប្រើទ័ពមួយកងធំ ដើម្បីបណេ្តញពួកនោះចេញពី បណ្តាខែត្រដែលគេដណ្តើមបាន គឺនៅឆ្នាំ ៧៦៥ ។ យើងក៏បានដឹងដែរថា នៅឆ្នាំ៧៧៤នៃ គ្រិស្តសករាជ ពួកមនុស្ស "ខ្មៅព្រីក និងស្គម" ដែលមើលទៅ គឺពួកម៉ាឡេមកពីកោះជ្វា "បានមកដល់តាមនាវាបែ្លកៗ" មកវាយដុត បំផ្លាញនគរចាម៉្បា ហើយពួកនេះបានមកម្តងទៀត នៅឆ្នាំ៧៨៧។

Read more!

ព្រះបាទជ័យវរ្ម័នទី២

ព្រះបាទជ័យវរ្ម័នទី២

គេអាចស្គាល់ប្រវតិ្តរបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២ - ៨៥៤) ដោយសារសិលាចារិកស្តុកកក់ធំ ដែលអ្នកប្រវតិ្តវិទូខែ្មរ បានសរសេរចារឆ្លាក់លើថ្ម ២០០ឆ្នាំ ក្រោយរជ្ជកាល ព្រះអង្គ។ ក្នុងរាជ្យព្រះអង្គគេពុំឃើញមានសិលាចារិកណាមួយ ដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពី ការតស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកម្ចាត់ខ្មាំងនិង កសាងមាតុភូមិឡើយ។

មាតិកា



១ ការតស៊ូរំដោះជាតិ

២ ការប្រកាសឯករាជភាពកម្ពុជា

៣ ទ្រឹសី្តទេវរាជ

៤ ការកសាងនិងស្នាដៃ

៥ ឯកសារយោង (គន្ធនិទេ្ទស)



ការតស៊ូរំដោះជាតិ



ព្រះបាទជ័យវរ័្មនទី២ ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតទៅតាមខែ្សខាងម្តាយ។ ក្នុងពេលកើតព្រឹតិ្តការណ៍ ពួកជ្វាចោរសមុទ្រចូលមកលួចប្លន់ដុតផ្ទះសមែ្បងទីក្រុង សម្ភុបុរៈ ព្រះអង្គព្រមទាំងព្រះញាតិវង្សត្រូវពួកខ្មាំងចាប់យកជាឈើ្លយ នាំទៅកោះស្នាវ៉ា។ កាលនោះព្រះអង្គនៅជាកុមារនៅឡើយ។ នៅប្រទេសជ្វាព្រះអង្គខំប្រឹងរៀនសូត្រ គ្រប់មុខវិជ្ជាទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបានជំរុញធ្វើឲ្យ ប្រទេសជ្វា ក្លាយទៅជាមហាអំណាចមួយ ក្នុងភូមិភាគអាស៊ីអាគេ្នយ៍។

ថៃ្ង មួយក្នុង គ,ស៨០០ ព្រះបាទជ័យវរ័្មនទី២ ដោយ មាន សេនាពល អាមាត្រ ជា ទីទុកចិត្ត ជូនដំណើរផង បានលបលួចធ្វើ ដំណើរត្រឡប់ចូលមកស្រុកខែ្មរវិញ ។ ព្រះអង្គ បានតាំងទីមូលដ្ឋាននៅ ខេត្តក្រចេះក្នុងតំបន់ចន្លោះអតីតព្រះរាជធានី សម្ភុបុរៈ និងស្រុកត្បូងឃ្មុំ ។ កនែ្លងនោះមានឈ្មោះថា ឥន្រ្ទបុរៈ ដែលគេចាត់ទុកជាព្រះរាជធានី មួយ ក្នុងរជ្ជកាលព្រះអង្គ។ ព្រះអង្គបានពន្យល់ បញ្ចុះបញ្ចូលដឹកនាំ ព្រះញាតិវង្សានុវង្ស នាម៊ឺនមន្រី្ត មេទ័ព និងសេ្តច ដែលធ្លាប់ចំណុះ នគរចេនឡាទឹកលិចឲ្យសុខចិត្តសុខកាយយល់ព្រម រួបរួមកម្លាំងវាយកម្ចាត់ពួកសត្រូវចោរជ្វា។

ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះបាទជ័យវរ័្មនទី២ មានសហការីពូកែចំណានចំណាប់ មានវិជ្ជា និងសមត្ថភាពយ៉ាងខ្ពង់ខ្ពស់ជ្រាលជ្រៅជាច្រើនជំនួយ។ មេទ័ពដ៏ ល្បីល្បាយជាងគេឈ្មោះព្រិទិ្ធឥន្រ្ទវរ័្មន ដែលបានរំដោះបង្រ្កាប និងរៀបចំតំបន់ ដែលសិ្ថតនៅខាងត្បូង ខេត្តបាត់ដំបង ឲ្យមានសនិ្តសុខ។ ស្នាដៃនេះជាកត្តាមួយយ៉ាង សំខាន់ដែលអនុញ្ញាតផ្តល់ដល់ ព្រះមហាក្សត្រខែ្មរ នូវលទ្ធភាពកសាងព្រះរាជធានី ក្នុងតំបន់ បឹងទនេ្លសាប ដែលជាជង្រុកស្រូវ និងត្រីសាច់។ ហើយលើផែ្នកយុទ្ធសាស្រ្ត វិញ ទីក្រុងកម្ពុជាក៏ស្ថិតនៅឆ្ងាយពីច្រក ចូល របស់កងទ័ពជ្វា និងចាម ដែលតែងតែឡើង មកតាមដងទនេ្លដែរ។ ដូចេ្នះហើយ បានជា ព្រះបាទជ័យរវ័្មនទី២ បោះបង់ភូមិភាគ ទនេ្លមេគង្គខាងត្បូងមកតាំងរាជធានីនៅខាងជើង បឹងទនេ្លសាប

អ្នកប្រាជ្ញម្នាក់ទៀតដែលល្បីល្បាញជាងគេ ខាងចំណេះដឹងមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃឈ្មោះ សិវកឥវលិយៈ។ ក្នុងគ្រប់កាលៈទេសៈព្រះអង្គតែងតែនាំ អ្នក ប្រាជ្ញ កំពូលនេះទៅ ជាមួយជានិច្ចដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ផ្លោះបូ្តរ សាកសួរយោបល់ គ្រប់បញ្ហាដែលទាក់ទង នឹងអាយុជីវិតប្រទេសជាតិ ។ប្រវតិ្ត តស៊ូ រំដោះជាតិរបស់ព្រះបាទជ័យវរ័្មនទី២ និង ប្រជាពលរដ្ឋខែ្មរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ។ តែយើងអាចប៉ាន់ស្មានបានថាការតស៊ូរំដោះ ជាតិក្នុងគ្រានោះ មានសភាព ខ្លាំងក្លាធ្ងន់ធ្ងរពិបាកណាស់ជាពិសេស នៅចំពោះមុខខ្មាំងជ្វាដែលកំពុង តែមានកម្លាំង ។ ប្រហែលជាមកអំពីបញ្ហា សិ្ថរភាព សនិ្តសុខ និងបុព្វហេតុ ដូចេ្នះ ហើយទើបបាន ជាព្រះមហាក្សត្រខែ្មរបានលើកបានរើទីក្រុង ជាច្រើនដំណាក់។ ព្រះរាជធានីទាំងនោះមាន : កុឌិដែល សិ្ថតក្នុងរង្វង់ តំបន់ប្រាសាទបន្ទាយកី្ត ផែ្នក ខាងជើង ក្នុង ខេត្តសៀមរាបអមរិន្រ្ទបុរៈ ដែល អ្នក ប្រវតិ្តវិទូស្មានថានៅក្នុងតំបន់ បន្ទាយឆ្មារ ក្នុងខេត្តបាត់ដំបង ហរិហរាល័យ ដែល សិ្ថតនៅតំបន់រលួសក្នុង ខេត្តសៀមរាប និង មហិន្រ្ទបរពាត ដែលជា ភំ្នគូលេនសិ្ថតនៅក្នុងខេត្តសៀមរាប ដដែល។



ការប្រកាសឯករាជភាពកម្ពុជា



គឺនៅលើភំ្នគូលេន ឬព្រះរាជធានី មហិន្រ្ទបរពកក្នុង គ.ស ៨០២ ដែល ព្រះមហាក្សត្រខែ្មរ ព្រះបាទជ័យវរ័្មនទី២ បានប្រកាសឯករាជភាពកម្ពុជា ចេញពីក្រញាំ អាណានិគមសេ្តចជ្វាកោះស្នាវា។

ប្រវតិ្តរំដោះ និងប្រកាសឯករាជភាពកម្ពុជា ត្រូវបានបុព្វបុរសខែ្មរសរសេរឆ្លាក់ចារលើ ផ្ទាំងសិលាក្នុងគ.ស១០៥២ ដែលគេដាក់ឈ្មោះថា "សិលាចារិក ស្តុកកក់ធំ " ។ សិលាចារិកនេះគេបានរកឃើញ នៅក្នុងប្រាសាទស្តុកកក់ធំដែលសិ្ថតនៅទិសខាងជើងឆៀងខាងលិច ចម្លាយប្រមាណ ២៥ គីឡូម៉ែត្រពីទីក្រុងស៊ីសុផុន ខេត្តបាត់ដំបង ។ បច្ចុប្បន្នសិលាចារិកស្តុកកក់ធំត្រូវ គេយកទៅតម្កល់ទុកនៅសារមនី្ទរសៀមឯបាងកក។ តាមរយៈ សិលាចារិកស្តុកកក់ធំ យើងអាចស្គាល់យល់ និងដឹងពីប្រវតិ្តសាស្រ្ត វប្បធម៌‌ អរិយធម៌‌ខែ្មរមួយផែ្នកធំក្នុងសម័យអង្គរ។

ដើម្បីឲ្យឯករាជភាពកម្ពុជាមានឥទ្ធិពលជ្រួតជ្រាប ទៅគ្រប់ទិសទីទាំងក្នុងស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំងទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ័្មន បានរៀបចំបងើ្កតធ្វើ ឲ្យមានពិធីបុណ្យសាសនា យ៉ាងឧត្តុង្គឧត្តមធំឧឡារិកនៅ ភំ្នគូលេន។ ព្រះអង្គបាននិមន្តព្រាហ្មណ៍មួយអង្គ ព្រះនាមហិរនិយធម្ម គង់នៅអាស្រមជនបទហើយដែល ចេះគ្រប់ វិជ្ជាសីលសាស្រ្ត មន្តអាគមគាថា ឲ្យមកចម្រើនរៀបចំពិធីបុណ្យគោរពបូជាព្រហ្មញ្ញសាសនា ទៅតាមតម្រាក្បួនទ្រឹសី្តទេវរាជ ។

ព្រាហ្មណ៍ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បងៀ្រនសាស្រ្តទាំងបួនក្នុងគម្ពីរព្រះឥសូ (សាស្រ្តាទាំង បួន មាន : វិន័យ សិក្ខានយោត្តរៈ សម្មោអៈ និង សិររិឆេទ។) ដល់ ព្រាហ្មណ៍សិវកឥលិយៈ ទីប្រឹក្សាជំនិត ព្រះមហាក្សត្រ ដើម្បីឲ្យចេះចាំក្បួនវិធី រៀបចំធើ្វសក្ការៈបូជា គោរពទេវរាជ។ ធម៌‌ទាំងនេះពួកព្រាហ្មណ៍ត្រូវរៀនសូត្រ ស្វត្រស្វាធ្យាយ និងត្រូវរៀបចំធ្វើពិធីផេ្សងៗ ដើម្បីកម្ចាត់សត្រូវ ដើម្បីប្រកាសតាំងខ្លួនជាអ្នកជាមានឯករាជភាព មានឥស្សរភាព និងបួងសួងសុំឲ្យមាននូវសេចកី្តចំរុង ចម្រើនសម្បូរសម្បាយ ដល់ប្រជាជាតិ។ គឺអាចជាទ្រឹសី្តជាក្បួនតម្រាគម្ពីរសម្រាប់ រៀបចំកសាងនគរឲ្យ មានឯកភាពខ្លាំងពូកែល្អ។ ជាគុណបំណាច់ដល់ ព្រាហ្មណ៍ សិវកឥលិយៈ ព្រះមហាក្សត្រ បានសច្ចាប្រគល់សិទិ្ធផ្តាច់មុខដល់គ្រួសារព្រាហ្មណ៍តពូជ ពីជំនាន់មួយទៅជំនាន់មួយជាលំដាប់លំដោយ តាមត្រកូលខាងម្តាយឲ្យ មានឋានៈ ជាអ្នកទទួលបន្ទុក រៀបចំពិធីបូជា ទេវរាជតទៅអនាគត។ ដូចេ្នះហើយជាយើងឃើញមាន ក្រុមព្រាហ្មណ៍បារគូបុរោហិតនៅជិតជាប់ព្រះមហាក្សត្រ ដើម្បីជា សកី្ខភាព នៃការគោរពប្រពៃណី។ តែក្រុមព្រាហ្មណ៍ បុរោហិតដែលមានពូជពង្សចុះមកពីព្រាហ្មណ៍្ប សិវកឥវលិយៈ ប្រហែលជាផុតពូជក្នុងសម័យសេ្តចត្រសក់ផែ្អម ពីព្រោះសេ្តចអង្គនេះគ្មានបញ្ចក្សត្រគ្មានព្រះទ័យរាជ គ្មាន អ្វីជាសម្គាល់ជាសេ្តចពេញគ្រប់លក្ខណៈ តាមច្បាប់ក្រឹត្យក្រម វិន័យខែ្មរឡើយ(ពូជពង្ស វង្សត្រកូល ព្រាហ្មាណ៍ សិវកិរលិយៈ ប្រហែលជាត្រូវ រលត់ផុតអស់លែងមានក្នុងសម័យព្រឹតិ្តការណ៍តាត្រសក់ផែ្អម ដណើ្តមរាជ្យដែលបានកាប់សម្លាប់បំផ្លាញអី្វជាព្រហ្មញ្ញសាសនា ។ ដូចេ្នះហើយទើបបាន ជាសេ្តចត្រសក់ផែ្អមបញ្ជាឲ្យបង្កើតក្រុមព្រាហ្មណ៍បុរោហិត និងបញ្ចក្សត្រសម្រាប់តំណាងរាជបល្ល័ង្ក។) ។ ឯពិធីធ្វើ សក្ការបូជា ទេវរាជត្រូវបានព្រះមហាក្សត្រខែ្មរជំនាន់ក្រោយ គោរពប្រតិបតិ្តអនុវត្តធ្វើតាមរហូតមកដល់សព្វថៃ្ង។ មិនតែប៉ុណ្ណោះព្រាហ្មណ៍សិវកឥលិយៈ បានទទួលឋានៈ ជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ។

ក្នុងការគោរពបូជាទេវរាជគេយកលិង្គមកធ្វើ ជាតំណាង។ លិង្គនេះគេយកទៅតម្កល់ទុកលើភំ្នមួយយ៉ាងខ្ពស់ ដែលជាតំណាងភំ្នព្រះសុមេរុ។ ឯភំ្នដែលតំណាង ភំ្ន ព្រះសុមេរុគឺភំ្នគូលេន។ ដូចេ្នះហើយបានជាព្រះបាទជ័យវរ័្មនទី២ បានប្រារព្ធពិធីគោរពបូជា ទេវរាជ និងយកលិង្គទៅតម្កល់នៅទីនោះ។ លិង្គជាតំណាង ព្រះឥសូរ ជា តំណាងការកើត។ ឯក្នុងការគោរពទេវរាជលិង្គជាតំណាង ព្រះមហាក្សត្រ ដែលមានភារកិច្ចការពារ គ្របដណ្តប់ប្រជាជាតិ ទាំងតាមផ្លូវចិត្ត ទាំងតាមផ្លូវកាយ។ លិង្គ តំណាងទេវរាជ គេអាចលើកផ្លាស់បូ្តរទីកនែ្លងបានទៅតាមកាលៈទេសៈ។

ដោយសារពិធីធ្វើសក្ការៈបូជាទេវរាជ ព្រះបាទជ័យវរ័្មនទី២ បានប្រកាសតាំងខ្លួនជាសេ្តចអាទិទេព (Dieu-Roi) មានតេជះបារមីដូចទេវរាជមិនចាញ់សេ្តចជ្វា នៅកោះស្នាវា ឡើយ។ ដែលជាលក្ខណៈបញ្ជាក់ អំពីឯករាជភាព ពិតប្រាកដ របស់ប្រទេសកម្ពុជា



ទ្រឹសី្តទេវរាជ



អ្នកប្រវតិ្តវិទូ និងអ្នកសិក្សាស្រាវជ្រាវ អំពីប្រវតិ្តសាស្រ្តខែ្មរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថាការ គោរពបូជាទេវរាជ(devajara) ជាការវិវត្តន៍នៃ ព្រហ្មញ្ញសាសនា ក្នុងសម័យព្រះបាទជ័យវរ័្មនទី២។ គេយល់ថាដើម្បីអះអាងប្រកាសខ្លួនជាសេ្តចពេញសិទិ្ធ ដើម្បីបពោ្ចញបង្ហាញ ឥទិ្ធពលមហិទិ្ធឫទិ្ធ ឲ្យប្រជានុរាស្រ្ត កោតខ្លាចគោរព ទទួលស្គាល់ដើម្បី បញ្ជាក់ភាពឯករាជ្យ របស់កម្ពុជា ព្រះបាទជ័យវរ័្មនទី២ ត្រូវតែរៀបចំធ្វើពិធីសាសនានៅ ភំ្នគូលេន។ គឺព្រះអង្គបានតាំងខ្លួនជាព្រះមហាក្សត្រផងជា ព្រះអាទិទេពផង។

ទ្រឹសី្តនេះសមហេតុសមផលត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹសី្តទេវរាជ ដោយសំអាងទៅលើសិលាចារិកស្តុកកក់ធំ មកសិក្សារិះគិតពិចារណាឲ្យបានវែងឆ្ងាយ បនិ្តច ជំនឿនិងការគោរពទេវរាជមិនមែនកម្រិតឈប់ចប់ត្រឹមតែលើសាសនា និងលើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ។ ថៃ្ងធើ្វពិធីបុណ្យសក្ការបូជាគោរពថ្វាយចំពោះព្រះ ទេវរាជនៅភំ្នគូលេនក្នុង គ.ស៨០២ អាចចាត់ទុកជាទិវាខែ្មរឯករាជ្យរំដោះចាកផុតពីអាណានិគមជ្វាស្នាវ៉ា និងក៏ជាថៃ្ងដែលខែ្មរបានប្រកាសអនុវត្តគោរព ទ្រឹសី្ត គោលការណ៍ នយោបាយថី្មសម្រាប់កសាងប្រទេសជាតិដែរ។ ទេវរាជជាឈ្មោះគមី្ពក្បួនខ្នាត ទ្រឹសី្តនយោបាយខែ្មរ សម្រាប់រៀបចំគ្រប់គ្រង ប្រទេសជាតិ។

  1. ការបែងចែកអំណាច សាសនាដែលតំណាងទៅ ដោយវណ្ណៈ ព្រាហ្មណ៍គ្រាន់តែជា មូលដ្ឋានសម្រាប់ប្រមូលផ្តុំ ប្រជានុរាស្រ្ត និងជាប្រភពសម្រាប់បង្កើតបពោ្ចញ ច្បាប់ទ្រឹសី្តគោលគំនិត នយោបាយប៉ុណ្ណោះ។ ឯព្រះមហាក្សត្រដែលជា ទេវរាជជាអ្នកយកច្បាប់យកគោលគំនិត ទ្រឹសី្តនយោបាយ ទាំងនោះមកអនុវត្តប្រតិបតិ្ត។ បើ យើងនិយាយ និងប្រើតាមភាសាទំនើបថី្ម បច្ចុប្បន្នក្រុមព្រាហ្មណ៍បុរោហិត ដែលតំណាងដោយព្រាហ្មណ៍ សិវកឥវលិយៈ ជាអ្នកធ្វើ ច្បាប់ឬជារដ្ឋសភា។ ចំណែក ព្រះមហាក្សត្រវិញ ព្រះអង្គមិនធើ្វច្បាប់ទេ ។ ព្រះអង្គជាអ្នកគោរព និងអនុវត្តធ្វើតាមសេចកី្តបញ្ញាតិរបស់ច្បាប់ ។ ព្រះមហាក្សត្រសិ្ថតនៅក្រោមអំណាចច្បាប់។ ព្រះអង្គ ជា តំណាង អំណាច និតិប្រតិបតិ្ត។ ដូចេ្នះ ក្នុងការរៀបចំគ្រប់គ្រង ប្រទេសកម្ពុជា អ្នកគ្រប់គ្រងឬ អ្នកដឹកនាំខែ្មរ ជំនាន់ព្រះបាទជ័យវរ័្មនទី២ បានបែងចែកអំណាចជា ពីរ : និតិបញ្ញាតិ និងនីតិប្រតិបតិ្ត។ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខែ្មរ ធ្វើសច្ចាប្រណិធានថាគោរពអនុវត្តធ្វើតាម តរៀងទៅអនាគត។ នេះគឺជាមូលដ្ឋាននិងជាគ្រឹះនគរខែ្មរ ។
  2. ការរៀបចំស្ថាប័នជាតិ ការបែងចែកអំណាចនាំមកនូវការរៀបចំស្ថាប័ន។ស្ថាប័ន នេះមានទាក់ទងទៅ នឹងការកំណត់ មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និង ព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍មានភារកិច្ចក្នុងការគោរពរៀបចំធ្វើ ពិធីបុណ្យឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវពិនិត្យត្រួតត្រាការអនុវត្តន៍ទាំងនោះ ដែរ។ ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍គឺការអប់រំបង្ហាត់បងៀ្រន ព្រះរាជវង្សានុវង្ស និងផ្តល់យោបល់គោលគំនិតល្អៗដល់ព្រះមហាក្សត្រ។ រួមសេចកី្ត មកក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ ធមវិន័យក្រឹត្យក្រមក្បួនខ្នាតគម្ពីររបស់ខែ្មរ។ ទិដ្ឋភាពត្រង់នេះសិលាចារិកស្តុកកក់ធំ បានបញ្ជាក់ច្បាស់ណាស់ ។ រី ស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬ អំណាចនីតិប្រតិបតិ្ត យើងឃើញមានការបង្កើតក្រុមនាម៊ឺនមន្រី្តការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និងការ បែងចែក ធនធាន។
  3. ការស្ថាបនាជាតិ ក្នុងទ្រឹសី្តទេវរាជក្នុងសិលាចារិកស្តុកកក់ធំ ពាក្យស្ថាបនាជាពាក្យសំខាន់មានតមៃ្ល និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជា គន្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខែ្មរ។ អ្នកដឹកនាំខែ្មរត្រូវស្ថាបនាធ្វើដូចមេ្តចឲ្យប្រទេសចំរុង ចម្រើនឲ្យពលរដ្ឋ មានបានសម្បូរសប្បាយចាកផុតពីភាព ទុរគត ក្រីក្រតោកយាកព្រាត់ប្រាស់ក្រុមញាតិគ្រួសារ។ ការបែងចែកអំណាច រៀបចំស្ថាប័នដាក់គោលការណ៍នយោបាយថី្ម ឲ្យសមស្រប ស៊ីសង្វាក់ ប្រទាក់ប្រទងប្រទាញគ្នាទៅវិញ ទៅមកត្រូវធ្វើឡើងក្នុងគោលបំណងស្ថាបនា កសាងជាតិ។ ការកសាងសាងសង់ទាំងនេះមិនមែនអនុវត្ត ដោយមិនបានគិតគូរល្អលិ្អត ល្អន់នោះទេ។ គេក៏មិនមែនធ្វើឲ្យឃើញចេញ មាន តែ រូបរាងទុកសម្រាប់បង្អួតឲ្យគេកោតសរសើរឡើយ។ ការស្ថាបនានេះសិ្ថតនៅលើ ការគាស់ឆ្ការព្រៃទឹកដី ថី្ម ឲ្យក្លាយទៅជាស្រែចម្ការជាស្រុកភូមិថី្មសម្រាប់ បង្កបង្កើនភោគផលសម្បតិ្ត សង្គមជាតិ។ មុននឹងបានសម្រេចជោគជ័យតាមការគ្រោង ព្រះមហាក្សត្រ និង អ្នកដឹកនាំ ខែ្មរ បាន ជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដីទ្រព្យធនធានសត្វពាហនៈ គោក្របីប្រដាប់ប្រដារឧបករណ៍ កសិកម្ម និងខ្ញុំកំដរទាសាទាសី។ សកី្ខភាពនេះអាច បង្ហាញ ថា ព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិ ខែ្មរយល់អំពីជម្រៅសេដ្ឋកិច្ចដែលផែ្អក ទាំងស្រុងទៅលើកសិកម្ម ។ ដូចេ្នះកម្លាំង នគរសិ្ថតនៅលើ កសិកម្ម។ ឯការស្ថាបនាកសាងជាតិសិ្ថតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋ ឲ្យទៅកាន់ភាប់រស់នៅ លើទឹកដីថី្មក៏ជា នយោបាយមួយយ៉ាងល្អដែរក្នុងការថែរក្សាការពារជាតិមាតុភូមិ។


ការកសាងនិងស្នាដៃ



ព្រះបាទជ័យវរ័្មនទី២ ទោះបីជាព្រះអង្គមានបេសកកម្មធំ ត្រូវរំដោះជាតិក៏ដោយក៏ព្រះអង្គ យកចិត្តទុកដាក់ ខំរិះគិតរកមធ្យោបាយរៀបចំទីក្រុងឲ្យបាននឹងនមានសិ្ថរភាពនិង មានការរីកចម្រើនដែរ។ ដូចេ្នះហើយបានជា ព្រះអង្គរុះរើលើកព្រះរាជធានីចុះឡើង។ តែព្រះរាជធានីរបស់ព្រះអង្គសិ្ថតនៅជានិច្ចតែក្នុងរង្វង់ តំបន់បឹងទនេ្លសាប ដែលជា ការចាប់ផើ្តមកំណត់ទីតាំងព្រះរាធានីនគរធំ ឬមហានគរទៅក្នុងអនាគតកាល ។

ក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី២ គេពុំសូវឃើញ មានការកសាងប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផេ្សងៗដែលព្រះអង្គបានតាំងទីក៏មិនបានទុក នូវសំណៅអ្វីជា ធំដុំ មានជាប់មកដល់បច្ចុប្បន្នដែរ។ ពីព្រោះសំណង់ទាំងនោះធ្វើ អំពីឈើ ឬដោយសម្ភារៈមិនសូវជាប់មាំមួន។ បុព្វហេតុនេះគឺ បណ្តាលពីស្រុកមានសង្រ្គាម ព្រះអង្គគិតតែខំ ប្រឹងប្រែងរៀបចំ ការតស៊ូរំដោះជាតិពីអាណានិគមជ្វា កោះស្នាវ៉ា។ ម៉្យាងទៀតសនិ្តសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ។

បាសាទដែលបានសង់ក្នុងរាជ្យព្រះអង្គមានជាអាទិ៏៖

ប្រាសាទរំចែង ត្រូវបានកសាងនៅ ភំ្នគូលេន ក្នុងគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅ ទីនោះ ។ ប្រាសាទ អកយំ ដែលសិ្ថតនៅម្តុំបារាយខាងលិចត្រូវបានកសាង ដោយឥដិ្ឋ។

ប្រាសាទទាំងនេះមាន រូបរាងទំហំតូចមែន។ តែគេអាចចាត់ទុកជាយុគថី្មមួយ របស់ខែ្មរ ក្នុងវិស័យសិល្បៈ និងសាងសង់ប្រាសាទ។ យើងបានឃើញ ប្រាសាទខែ្មរជំនាន់ ក្រោយជាច្រើន កសាងទៅតាមលំនាំប្រាសារំចែងនិង អកយំ។

ក្រោយដែលបានទៅតាំង ព្រះរាជធានី នៅភំ្នគូលេន ឬមហិន្រ្ទបរព័ត ព្រះបាទជ័យវរ័្មនទី២ បានយាងត្រឡប់មក គង់នៅឯ រលួសទីក្រុងចាស់ ហរិហរាល័យ ។ ព្រះអង្គ បានចូលទីវង្គតនៅទីក្រុងនេះ ក្នុង គ.ស៨៥៤ ក្នុងព្រះជន្មប្រហែលជា៩០វស្សា។

ព្រះអង្គជាព្រះមហាក្សត្រខែ្មរយ៉ាងធំមួយអង្គ នៅក្នុងប្រវតិ្តសាស្រ្តខែ្មរ ។ ព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គបានបង្រួបបង្រួម ប្រទេសកម្ពុជា ឲ្យមានឯកភាព ហើយ ព្រះអង្គក៏ជាក្សត្រខែ្មរដែលបានស្ថាបនា កសាងទឹកដីខែ្មរ ឲ្យធំធាត់មានកិត្យានុភាព ជាមហានគរដែរ។ ព្រះបាទជ័យវរ័្មនទី២ ព្រះអង្គជាមហាក្សត្រខែ្មរមួយ អង្គខ្លាំងពូកែ អង់អាចក្លាហានព្យាយាម តស៊ូ មានចិត្តអំណត់មានចំណេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លា ឈ្លាសវៃ ដែលបាន ធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បី ស្រុកខែ្មរ និង កូនចៅជំនាន់ក្រោយ។



ឯកសារយោង(គន្ធនិទេ្ទស)



រស់ច្រន្តាបុត្រៈ ប្រវត្តិសា្រស្តខែ្មរ ភាគរឿងព្រេងនិទាន និងតាមរយៈ សិលាចារិកប្រទេសបារាំង Harmattan ១៩៩៧ ២៩០ទំព័រ

Read more!

 

©2009 daily news | by TNB