Monday, October 13, 2008

ក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍ជំរុញបង្កើតសហគមន៍ទេសចរណ៍ឲ្យបានច្រើននៅចុងឆ្នាំនេះ


  • ភ្ញៀវ​ទេសចរ: ៩​ខែ​២០០៨​មាន​ចំនួន​១.៣៩៨.៥៥៧​នាក់​

ភ្នំពេញ៖ តាម​តួ​លេខ​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​​ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០០៨​នេះ​ ចំនួន​ភ្ញៀវ​អន្តរជាតិ​បាន​មក​ទស្សនា​កម្ពុជា​មាន​១.៣៩៨.៥៥៧​នាក់​ គឺ​កើន​បាន​១០​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ​២០០៧។

ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ​នៅ​តែ​ឈរ​លំដាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ ភ្ញៀវ​ជនជាតិ​ដទៃៗ​ទៀត។ ឆ្នាំ​នេះ​ ទោះ​បី​ជា​ប្រទេស​ថៃ​កើត​មាន​ភាព​ចលាចល​រង្គោះ​រង្គើ​យ៉ាង​ណា​ក្ដី​ ក៏​មិន​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះពាល់​ណា​មួយ​លើ​ស្ថិរភាព​ភ្ញៀវ​ទេសចរ​មក​ទស្សនា ​កម្ពុជា​នោះ​ទេ។ ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​ នៅ​តែ​​ដំណើរ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ពង្រឹង​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ទី​ ផ្សារ​ទេសចរណ៍​ធំៗ​នៅ​លើ​ពិភពលោក។ ការ​ពង្រឹង​គុណភាព​សេវាកម្ម​ទាំងឡាយ​ក្នុង​វិស័យ​នេះ​នៅ​តែ​ជា​ចំណុច​រសើប​ របស់​ក្រសួង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រចាំ។

ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​​ពិនិត្យ​ការងារ​៨​ខែ​ នៅ​ទី​ស្ដី​ការ​ក្រសួង​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​​តុលា​ ការ​កន្លង​ទៅ​នេះ​ លោក​ ថៅ​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​អំពី​ទិសដៅ​ចុង​ឆ្នាំ​២០០៨​ ខាង​មុខ​នេះ​ដែល​ជា​រដូវ​រំហើយ​រដូវ​អស់​ភ្លៀង​ធ្លាក់​ដែល​ផ្ដល់​ឱកាស​ល្អ​ ដល់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​បាន​ច្រើន។ ក្រសួង​បាន​​រៀបចំ​បង្កើត​ឲ្យ​មាន​កម្មវិធី​ធំៗ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ ទេសចរ​ធំៗ។ ពិសេស​ភ្ញៀវ​មក​ពី​អឺរ៉ុប​ មក​ពី​សហរដ្ឋអាមេរិក​ដែល​គេ​ស្វែង​រក​រមណីយដ្ឋាន​ស្អាតៗ​ល្អ​ប្រណីត​ មាន​ទេសភាព​ធម្មជាតិ​​ស្រស់​ត្រកាល​ក្នុង​ឱកាស​​ប្រទេស​ទាំង​នេះ​កំពុង​ ធ្លាក់​ព្រិល​ខ្លាំង។ ចំពោះ​មុខ​គឺ​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ Cambodia-Kingdom of Wonder ចលនា​ប្រឡង​ប្រណាំង​ទី​ក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ។ ការ​រៀបចំ​បង្កើត​សហគមន៍​ទេសចរណ៍​មូលដ្ឋាន​ខេត្ត​​ ក្រុង​ ដែល​មាន​សក្ដានុពល។ ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​អាស៊ី​លក្ខណៈ​អន្តរជាតិ​ លើក​ទី​២​ (Johnnie Walker Cambodia Open2008) និង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​ខេត្ត​សៀមរាប​នា​ខែ​ធ្នូ​ ឆ្នាំ​២០០៨​ខាង​មុខ​នេះ។

ចុង​ឆ្នាំ​នេះ​ក្រសួង​ទេសចរណ៍​នឹង​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍​តាម​ខេត្ត​​ ក្រុង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ស្វែង​រក​ដៃ​គូ​អភិវឌ្ឍន៍​ ដើម្បី​បង្កើត​សហគមន៍​ទេសចរណ៍​ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែម​​សំដៅ​លើ​កម្ពស់ ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ដល់​សហគមន៍​ ជនបទ​ដោយ​មិន​បាច់​ឆ្លង​កាត់​សេវា​បម្រើ​ច្រើន​ដំណាក់។ ភ្ញៀវ​ទេសចរ​ប្រមាណ​៥០​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​កម្ពុជា​ គេ​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​សហគមន៍​ទេសចរណ៍​ទាំង​នេះ។ បច្ចុប្បន្ន​នេះ​កម្ពុជា​​មាន​ឧទ្យាន​ជាតិ​ចំនួន​៧​ តំបន់​អភិរក្ស​២៣​ និង​តំបន់​ទេសចរណ៍​សហគមន៍​នៅ​ខេត្ត​ក្នុង​ភូមិភាគ​ឦសាន​ ខេត្ត​កោះកុង​ជា​ដើម៕

Related Posts by Categories



Widget by Hoctro | Jack Book

0 comments:

Post a Comment

 

©2009 daily news | by TNB