កម្ពុជាសុំឲ្យវៀតណាមជួយបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរមកប្រើប្រព័ន្ធទូរទស្សន៍ Digital
ភ្នំពេញ៖ ក្នុងដំណើរមកបំពេញទស្សនកិច្ចជាផ្លូវការក្នុងព្រះរាជាណាចក្រ កម្ពុជាលោកបណ្ឌិត Le Doan Hop រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍នៃប្រទេសវៀតណាមបានសន្យាថា នឹងជួយធ្វើការបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញនៃក្រសួងព័ត៌មាន កម្ពុជា ពិសេសការបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាលើជំនាញ "ប្រព័ន្ធទូរទស្សន៍ Digital" ដែលកម្ពុជានឹងធ្វើការផ្លាស់ប្ដូរប្រព័ន្ធទូរទស្សន៍មក Digital វិញនៅពេលខាងមុខ។ ជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃទី១០ តុលា លោក Le Doan Hop និងលោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បានធ្វើជាអធិបតីនៃសិក្ខាសាលាស្ដីអំពីវេទិកា ធុរកិច្ច ICT កម្ពុជានិងវៀតណាម ដែលរៀបចំឡើងដោយសហគ្រាសវៀតណាម VNPT។
លោក Le Doan Hop រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាមបានបញ្ជាក់ថា ទស្សនកិច្ចនៅលើទឹកដីប្រទេសកម្ពុជា គឺដើម្បីរឹតបំណងសាមគ្គីភាព និងផ្លាស់ប្ដូរបទពិសោធន៍ការងារសារព័ត៌មាន និងទូរគមនាគមន៍ឲ្យមានការរីកចម្រើននៃប្រទេសទាំង២។ ការងារព័ត៌មានមិនអាចនៅស្ងៀមមួយកន្លែងបានទេ។ ក្នុងចំណោមភារកិច្ចចំនួន៣៣ ដែលរដ្ឋាភិបាលវៀតណាមប្រគល់ជូនក្រសួងព័ត៌មាន និងទូរគមនាគមន៍បានទទួលភារកិច្ច៥ធំៗ ហើយជាក្រសួងស្នូលមួយរបស់រដ្ឋាភិបាលវៀតណាមផងដែរ។ ក្រសួងនេះរកចំណូលបានចំនួន៦៤ភាគរយនៃថវិកាជាតិ។ ប្រទេសវៀតណាមមានអ្នកកាសែត១៥.០០០នាក់ ដោយមិនគិតពីអ្នកឆ្លើយឆ្លងផ្ដល់ព័ត៌មាននោះឡើយ។ នៅតាមអង្គភាពនីមួយៗក្រសួងបានបង្កើតឲ្យមានមន្ត្រីយ៉ាងហោចណាស់ មួយម្នាក់សម្រាប់ទំនាក់ទំនងជាមួយអ្នកកាសែត។ ដោយសារផលប្រយោជន៍សេដ្ឋកិច្ចអ្នកសារព័ត៌មានមួយចំនួនបានផ្សាយ ព័ត៌មានមិនពិត ខ្វះនូវជំនាញ ឬមានចេតនាសរសេរខុស។ សរសេរនូវជំនឿមិនសមហេតុផល និងអាសអាភាសជាដើម។
លោក Le Doan Hop បានបញ្ជាក់ថា មានអ្នកកាសែតចំនួន២នាក់រួចមកត្រូវបានបញ្ជូនទៅតុលាការ និង១១នាក់ទៀតត្រូវបានដកហូតកាតជាអ្នកសារព័ត៌មានក្នុងការ ប្រព្រឹត្តមិនបានត្រឹមត្រូវជាអ្នកសារព័ត៌មាន។ នៅប្រទេសវៀតណាមអ្នកកាសែតត្រូវបានអនុវត្តនូវទិសស្លោកចំនួន៣គឺ ស្មោះត្រង់ រហ័សរហួន និងសច្ចភាព។
ឆ្លើយតបទៅនឹងការស្នើសុំរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការឲ្យភាគីវៀតណាមជួយបណ្ដុះបណ្ដាល មន្ត្រីព័ត៌មានកម្ពុជាលើជំនាញផ្លាស់ប្ដូរប្រព័ន្ធទូរទស្សន៍ សព្វថ្ងៃទៅជាប្រព័ន្ធទូរទស្សន៍ Digitalនោះ លោក Le Doan Hop សន្យាថានឹងជួយ។ ព្រោះសព្វថ្ងៃប្រទេសវៀតណាមបានប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ Digital ដែលអាចផ្សព្វផ្សាយបានគ្រប់ទិសទីទាំងអស់ក្នុងប្រទេសវៀតណាមដោយបាន បង្ហោះផ្កាយរណប VINA-SAT រួចមកហើយ។
ក្នុងឱកាសបំពេញទស្សនកិច្ចនោះដែរ លោក Le Doan Hop រួមជាមួយលោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានធ្វើអធិបតីនៃវេទិកាធុរកិច្ច ICT កម្ពុជានិងវៀតណាមទៀតផង។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា វេទិកានេះបានទាក់ទាញការចូលរួមពីសំណាក់ក្រុមហ៊ុនធ្វើអាជីវកម្មជា ច្រើនខាងផ្នែកប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកទេសព័ត៌មានវិទ្យា (IT) របស់កម្ពុជា និងវៀតណាម ដើម្បីបង្កើតឱកាសផ្លាស់ប្ដូរព័ត៌មានអំពីភាពអភិវឌ្ឍន៍នៃសកម្មភាព នានាខាងប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកទេសព័ត៌មានវិទ្យា។ វេទិកានេះក៏ប្រមូលផ្ដុំផងដែរទៅលើការវាយតម្លៃសភាពរីកចម្រើនខាង ទីផ្សារ ICT នៅប្រទេសវៀតណាមបទពិសោធន៍នៃការគ្រប់គ្រងធ្វើអាជីវកម្ម និងដំណើរការសេវាកម្មនៃឱកាសសហប្រតិបត្តិការដែលក្រុមហ៊ុនសហគ្រាស និងអតិថិជនទាំងឡាយនៅកម្ពុជា។
លោក Le Doan Hop បានគូសបញ្ជាក់ថា លោកបានស្នើដល់ក្រុមហ៊ុនសហគ្រាសវៀតណាមដែលមករកស៊ីនៅប្រទេស កម្ពុជាត្រូវប្រកាន់នូវគោលការណ៍៥ចំណុច ដែលក្នុងនោះត្រូវសហការគ្នាឲ្យបានល្អ គោរពឲ្យបានច្បាស់នូវច្បាប់ និងបទដ្ឋាននានានៃប្រទេសទាំងពីរ លើកកម្ពស់វប្បធម៌នៃប្រទេសទាំងពីរយកចិត្តទុកដាក់សម្របសម្រួលដល់ ការចែកផល និងយកចិត្តទុកដាក់បំពាក់បំប៉នបុគ្គលិកធ្វើការនៅនឹងកន្លែងដើម្បី បង្កើតឲ្យមានធនធានមនុស្ស។ ដោយសារប្រទេសវៀតណាមទើបនឹងបង្ហោះផ្កាយរណប VINASAT កាលពីខែមេសាឆ្នាំ២០០៨កន្លងមកនេះបានធ្វើឲ្យវិស័យព័ត៌មាន ទូរគមនាគមន៍ និងព័ត៌មានវិទ្យាកាន់តែបើកទូលាយហើយកំពុងឈានជើងឆ្ពោះមកប្រទេស កម្ពុជា៕
0 comments:
Post a Comment