Monday, October 13, 2008

ស្រី​រកស៊ី​ផ្លូវ​ភេទ

ប្រែ​ក្លាយ​ជីវិត​ពី​ស្រី​រកស៊ី​ផ្លូវ​ភេទ​ ជា​អ្នក​អប់រំ​ផ្លូវ​ភេទ

ដោយសារ​តែ​ភាព​ក្រីក្រ​ គ្មាន​ចំណេះ​ដឹង​ គ្មាន​មុខ​របរ​ពិត​ប្រាកដ​ ហើយ​គ្រួសារ​​មាន​អំពើ​ហិង្សា​ បាន​ជំរុញ​ឲ្យ​ស្ត្រី​មួយ​រូប​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​រស់​នៅ​ជា​មួយ​​ ប្ដី​ក្នុង​ខេត្ត​សៀមរាប​ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ដោយ​ប្ដី​បោះបង់​ផង​នោះ​ ទី​បំផុត​បាន​សម្រេច​ចិត្ត​​ធ្វើ​ជា​​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ដោយ​គ្មាន​ ជម្រើស​ បើ​​ទោះ​ជា​ការងារ​នេះ​ជួប​ការ​លំបាក​ដោយ​សារ​ការ​រើសអើង​ពី​បងប្អូន​មិត្ត​ ភក្ដិ​និង​ អ្នក​ជិត​ខាង​ក៏​ដោយ។ ឥឡូវ​នេះ​នាង​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​អប់រំ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ ដូចគ្នា។

នៅ​កម្ពុជា​ គេ​សង្កេត​ឃើញ​ថា​ ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​​គឺ​ភាគ​ច្រើន​ ដោយសារ​តែ​​ពួក​គាត់​​ជា​អ្នក​ក្រីក្រ​ គ្មាន​​ចំណេះដឹង​ គ្មាន​មុខរបរ​ច្បាស់លាស់​ គ្រួសារ​មាន​អំពើ​ហិង្សា​ និង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ហើយ​ការ​ប្រកប​មុខរបរ​បែប​នេះ​ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​​ពួក​គាត់​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​ និង​ជាពិសេស​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​​ដែល​ពឹង​ពាក់​ទៅ​លើ​មុខរបរ​នេះ។

នាង​ កុលាប​ (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ) បច្ចុប្បន្ន​មាន​អាយុ​ ២៨​ ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​បាត់ដំបង​ ហើយ​បាន​មក​ប្រកប​មុខ​របរ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ក្នុង​ខេត្ត​ សៀមរាប​អស់​រយៈពេល​ ៨​ឆ្នាំ​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​ រហូត​មក​ដល់​ពេល​នេះ​ តែ​ជា​សំណាង​ល្អ​​នាង​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​ទេ។

នាង​ កុលាប​ បាន​និយាយ​ដោយ​ទឹក​មុខ​ក្រៀមក្រំ​ថា​ ដោយសារ​តែ​​គ្រួសារ​​ជួប​បញ្ហា​ខ្វះខាត​ខាង​ជីវភាព​នោះ​ គឺ​ឪពុក​ម្ដាយ​របស់​នាង​ខ្ញុំ​ជា​រឿយៗ​ តែងតែ​ឈ្លោះ​ទាស់ទែង​គ្នា​ ហើយ​ក្រោយ​មក​ពួក​គាត់​បាន​បែកបាក់​គ្នា​តាំង​តែ​ពី​អាយុ​ ៨​ឆ្នាំ​ មក​ម្ល៉េះ។

នាង​កុលាប​ និយាយ​អំពី​ជីវិត​ដ៏​គ្រោតគ្រាត​ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​រស់​នៅ​ ស្រុក​របស់​ប្ដី​ ហើយ​បណ្ដាល​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​ប្រកប​របរ​ជា​អ្នក​រកស៊ី​ផ្លូវ​ភេទ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​​នេះ។ នាង​បាន​ឲ្យ​ដឹង​ថា​ គឺ​ដោយសារ​​តែ​គ្រួសារ​របស់​នាង​ខ្ញុំ​ក្រីក្រ​ពេក​ ហើយ​មាន​សមាជិក​គ្រួសារ​​រហូត​ដល់​ទៅ​ ១៤​នាក់​ ដែល​មាន​ស្រី​​តែ​ខ្ញុំ​ម្នាក់​គត់​ ក្រៅ​ពី​នេះ​​បងប្អូន​ខ្ញុំ​សុទ្ធ​តែ​ប្រុស​ ខ្ញុំ​ជា​កូន​ទី​១០​ ហើយ​ជា​ពិសេស​ខ្ញុំ​ត្រូវ​ប្ដី​បោះបង់​ចោល​ដោយ​ទៅ​មាន​ស្រី​ថ្មី​ទៀត។

នាង​បាន​រៀបរាប់​ពី​ប្រវត្តិ​ជីវិត​ដ៏​លំបាក​កាល​ពី​គ្រា​ដើម​ថា​ កាល​ពី​ខ្ញុំ​អាយុ​ ១៨​ឆ្នាំ​ ខ្ញុំ​ធ្លាប់​មាន​ប្ដី​ដោយ​មិន​បាន​រៀបការ​ព្រម​ទាំង​មាន​កូន​ពីរ​នាក់​ តែ​ស្លាប់​មួយ​ទៅ​ហើយ​ ដែល​កាល​រស់​នៅ​ជាមួយ​ប្ដី​របស់​ខ្ញុំ​តែង​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់។

នាង​ឲ្យ​ដឹង​ទៀត​ថា​ ការ​ជួប​គ្នា​ដំបូង​ជាមួយ​ប្ដី​ខ្ញុំ​គឺ​កាល​ណោះ​ប្ដី​របស់​ខ្ញុំ​ធ្វើ​ជា​ កម្មករ​សំណង់​នៅ​ខេត្ត​បាត់ដំបង​ តែ​ស្រុក​កំណើត​របស់​​គាត់​នៅ​ខេត្ត​សៀមរាប​ពួក​យើង​បាន​ស្រឡាញ់​គ្នា​ ហើយ​​បាន​ពង្រត់​គ្នា​​មក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​ជា​ស្រុក​កំណើត​របស់​គាត់​(ប្ដី) លុះ​ក្រោយ​មក​ ពេល​ពួក​យើង​បាន​កូន​ពីរ​នាក់​​ គឺ​ពេល​នោះ​ប្ដី​របស់​ខ្ញុំ​តែងតែ​វាយ​ធ្វើ​បាប​រហូត​ដល់​បែកបាក់​គ្នា​នៅ​ ក្នុង​ឆ្នាំ​២០០០​ ហើយ​ក្រោយ​មក​ប្ដី​របស់​ខ្ញុំ​មាន​ប្រពន្ធ​ថ្មី​មួយ​ទៀត។

ក្រោយ​ពី​លែងលះ​ជា​មួយ​ប្ដី​កាល​ពី​ដើម​ខែ​ធ្វើ​ឲ្យ​ខ្ញុំ​ជួប​ការ​លំបាក ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ខ្លាំង​ណាស់​ ព្រោះ​គ្មាន​ញាតិសន្ដាន​ គ្មាន​ទី​ពឹង​ គ្មាន​ផ្ទះ​សម្បែង​ គ្មាន​ប្រាក់​ គឺ​ជួល​ផ្ទះ​គេ​នៅ​ និង​រស់នៅ​តែលតោល​ម្នាក់​ឯង​គត់​ និង​គ្មាន​មុខ​របរ​ ទើប​ខ្ញុំ​ចាប់​ផ្ដើម​ប្រកប​មុខរបរ​ជា​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​នេះ​នៅ​ចុង​ ខែ​​ដដែល​នេះ​តែ​ម្ដង​ ហើយ​បាន​បន្ត​រហូត​មក។

កុលាប​ បាន​និយាយ​ទៀត​ថា​ ក្នុង​ការ​ប្រកប​របរ​ជា​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​​នៅ​ក្នុង​ខេត្ត​សៀមរាប​ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ មាន​រយៈពេល​ ៨​ឆ្នាំ​មក​ហើយ​ ខ្ញុំ​នៅ​តែ​គ្មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​ស្នាក់​នៅ​ទេ​ គ្មាន​ទី​​ពឹង​​ទី​ពំនាក់​ ហើយ​បើ​ត្រឡប់​​ទៅ​ស្រុក​កំណើត​វិញ​គឺ​ខ្មាស​ញាតិមិត្ត​បងប្អូន​ ហើយ​ម៉្យាង​ទៀត​ខ្ញុំ​មិន​ដែល​បាន​រៀន​សូត្រ​អ្វី​នឹង​គេ​ទេ​ និង​គ្មាន​ចំណេះដឹង​ ​គ្មាន​ការងារ​​ទើប​ខ្ញុំ​សម្រេច​ចិត្ត​​បន្ត​ប្រកប​របរ​ជា​ស្ត្រី​រកស៊ី​ ផ្លូវ​ភេទ​ព្រោះ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​របរ​មួយ​នេះ​ទេ​ ដោយ​​ខ្ញុំ​បាន​ជ្រើសរើស​យក​មុខរបរ​នេះ​តាំង​ពី​ដំបូង​ដោយ​ការ​ស្ម័គ្រ​ ចិត្ត​ និង​គ្មាន​ការ​បង្ខិតបង្ខំ​ពី​អ្នក​ណា​ឡើយ។

នាង​ខ្ញុំ​ចាប់​ផ្ដើម​ប្រកប​របរ​នេះ​ជា​ដំបូង​នៅ​ក្នុង​ខេត្ត​សៀមរាប​ ជា​ស្ត្រី​បម្រើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​នៅ​ភូមិ​មណ្ឌល​ ៣​ ក្រុង​សៀមរាប​ ក្នុង​ខេត្ត​សៀមរាប​ហើយ​ក្រោយ​មក​ទៀត​ដោយ​មុខ​របរ​ជា​ស្រី​ខារ៉ាអូខេ​ចាយ​ មិន​គ្រាន់​ ទើប​ខ្ញុំ​ប្ដូរ​មុខ​របរ​ទៅ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​រហូត​មក​ដល់​ សព្វថ្ងៃ​នេះ​អាច​រក​ប្រាក់​បាន​គ្រាន់​បើ។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​ចំនួន​តែងតែ​និយាយ​ថា​ ការ​ប្រកប​មុខ​របរ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ ភាគ​ច្រើន​ពួក​គាត់​ជួប​ការ​លំបាក​ច្រើន​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ដោយសារ​​តែ​ការ​រើសអើង​​ពី​បងប្អូន​ អ្នក​ជិត​ខាង​ និង​ជា​ពិសេស​​ទៅ​ទៀត​នោះ​ គឺ​ទទួល​រងនូវ​ការ​ធ្វើ​បាប​ ដោយ​ការ​គំរាមកំហែង​ពី​ភ្ញៀវ​ និង​ប៉ូលីស​ ជា​ដើម។

នាង​ កុលាប​ បាន​រៀបរាប់​អំពី​ជីវិត​ដ៏​លំបាក​ក្នុង​នាម​ជា​ស្ដ្រី​​រក​ស៊ី​ផ្លូវ​ភេទ​ នេះ​ថា​ មាន​ពេល​ខ្លះ​ភ្ញៀវ​ធ្វើ​បាប​ដោយ​រំលោភ​បូក​គ្នា​រហូត​ពី​ ៨​ ទៅ​១០​នាក់​ក៏​មាន​ដែរ​ ដែល​ដំបូង​គេ​ប្រាប់​ថា​ យក​យើង​ទៅ​ដេក​តែ​ម្នាក់​ប៉ុណ្ណោះ​ ហើយ​​ក្រោយ​ពី​រំលោភ​រួម​គ្នា​រួច​ ហើយ​នោះ​ គេ​ថែម​ទាំង​មិន​ឲ្យ​ប្រាក់​ទៀត​ផង​ ដោយ​ទុក​​ខ្ញុំ​ចោល​តែ​ម្ដង។ នៅ​ក្នុង​ពេល​ប្រកប​មុខ​របរ​នេះ​កាល​ពី​មុន​ខ្ញុំ​ទទួល​ភ្ញៀវ​ក្នុង​មួយ​ ថ្ងៃ​មាន​រហូត​ដល់​ទៅ​ ១០​នាក់​ឯណោះ​ដែល​ក្នុង​ម្នាក់​ខ្ញុំ​ទទួល​បាន​​ប្រាក់​ពីរ​ម៉ឺន​រៀល​ សម្រាប់​ដេក​តែ​មួយ​ភ្លែត​ ហើយ​បើ​ដេក​មួយ​យប់​បាន​ប្រាក់​ពី​បី​ម៉ឺន​ទៅ​បួន​ម៉ឺន​រៀល។

សព្វ​ថ្ងៃ​ដោយសារ​តែ​មាន​ការងារ​ធ្វើ​ជា​មេ​បណ្ដាញ​ស្ត្រី​រួបរួម​គ្នា​ និង​ទទួល​​បាន​ប្រាក់​ខែ​ខ្លះ​ហើយ​នោះ​បាន​ធ្វើ​ឲ្យ​នាង​ កុលាប​ បាន​ធ្វើ​ការ​កាត់​បន្ថយ​ការ​ប្រកប​មុខ​របរ​នេះ។

ទាក់ទង​​នឹង​បញ្ហា​នេះ​ នាង​ កុលាប​ បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​​នេះ​ខ្ញុំ​បាន​កាត់​បន្ថយ​ការ​ប្រកប​មុខ​របរ​នេះ​ខ្លះ​ហើយ​ ដោយសារ​​តែ​ខ្ញុំ​បាន​ធ្វើ​មេ​បណ្ដាញ​របស់​បណ្ដាញ​ស្ត្រី​រួបរួម​គ្នា​ ប្រចាំ​នៅ​មណ្ឌល​ ៣​ក្នុង​ខេត្ត​​សៀមរាប​ ដោយ​ទទួល​បាន​ប្រាក់​ខែ​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​​បាន​ខ្លះ​ ដែល​ការងារ​នេះ​គឺ​ជួយ​អប់រំ​ដល់​ស្ត្រី​ខ្មែរ​ដែល​រកស៊ី​ផ្លូវ​ភេទ​ដូចគ្នា ​ ព្រម​ទាំង​ជួយ​ចែក​​ស្រោម​អនាម័យ​ដល់​ស្ត្រី​ ជា​ដើម៕

Related Posts by Categories



Widget by Hoctro | Jack Book

0 comments:

Post a Comment

 

©2009 daily news | by TNB